ក្រសួងអប់រំ ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាខាក្រុមហ៊ុនណាហ្គាវើលដ៏លីមីធីតលើគម្រោង “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង”
នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត (តាមរយៈ គម្រោងណាហ្គាវើលដ៍បេះដូងសប្បុរស) លើគម្រោង “កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង” និងមានការចូលរួមពី លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៏ ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ និងប្រតិភូសាខាក្រុមហ៊ុនណាហ្គាវើលដ៏លីមីធីត។
កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ បានរៀបចំដោយ ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ក្នុងគោលបំណង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមកម្ពុជាស្អាត និងបរិស្ថានបៃតង ក៏ដូចជាផ្តោតសំខាន់លើការអប់រំ និងជំរុញសិស្សានុសិស្សឱ្យអនុវត្តការថែទាំបរិស្ថានដូចជា ការកាត់បន្ថយនិងការកែច្នៃកាកសំណល់ឡើងវិញ បំផុសផ្នត់គំនិតចីរភាពបរិស្ថានតាំងពីកុមារភាព។ តាមរយៈការបញ្ចូលការអប់រំបរិស្ថានទៅក្នុងសាលារៀន គម្រោងនេះមិនត្រឹមតែគាំទ្រដល់គោលដៅចម្បងនៃការគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យកុមារជំនាន់ក្រោយដើរតួនាទីយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន។ គម្រោងក៏បានបញ្ចូលការប្រកួតប្រជែងក្នុងស្មារតីលើកទឹកចិត្ត ឱ្យមានការចូលរួមយ៉ាងសកម្ម ដែលបង្កឱ្យការងារចីរភាពបរិស្ថាននេះ មានលក្ខណៈរីករាយ និងទទួលបានរង្វាន់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបំពេញបន្ថែមដ៏មានសារៈសំខាន់ពីក្រុមហ៊ុនណាហ្គាវើលដ៍ពោលគឺការជួយធ្វើឱ្យសាលាមធ្យមសិក្សាគោលដៅនៅក្នុងរាជធានីភ្នំពេញ មានការប្រឡងប្រណាំងគ្នាឱ្យទទួលបានជាសាលារៀនស្អាត និងមានបរិស្ថានបៃតង។ បន្ថែមពីនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក៏បានជឿជាក់ថា នៅក្នុងការអនុវត្តនេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនណាហ្គាវើលដ៍ នឹងបន្តសហការពិភាក្សាគ្នា ដើម្បីសម្រេចបានជោគជ័យនូវ កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង ទៅលើការប្រឡងប្រណាំងចំពោះសាលាអនុវទ្យាល័យ និងវិទ្យាល័យគោលដៅនៅក្នុងរាជធានីភ្នំពេញ តាមរយៈការចុះទៅពិនិត្យណែនាំពីក្រុមជំនាញ(ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ) និងក្រុមហ៊ុនណាហ្គាវើលដ៏ ដើម្បីលើកកម្ពស់ការយល់ដឹង របស់សិស្សនុសិស្សអំពីសារៈសំខាន់នៃនិរន្តរភាពបរិស្ថាន និងបណ្តុះទម្លាប់គាំពារបរិស្ថានតាំងពីក្មេង ក៏ដូចជាជំរុញនិងលើកទឹកចិត្ត ឱ្យមានការកែច្នៃកាកសំណល់ផ្លាស់ស្ទិកផងដែរ។
សារជាថ្មីម្តងទៀត លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ នាយកគ្រប់គ្រងណាហ្គាវើលដ៏ និងក្រុមការងារពាក់ព័ន្ធទៅាំងអស់ ដែលសម្រេចបាននូវសមិទ្ធផល និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឈានទៅលប់បំបាត់សម្រាម ការប្រើប្រាស់ថង់ផ្លាស់ស្ទិក និងបរិស្ថានបៃតង ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដោយបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងសកម្មឆ្ពោះទៅកសាងប្រទេសស្អាត និងបរិស្ថានបៃតង ដែលជាចំណែកមួយនៃការប្តេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕
ប្រភព៖ MoEYS