|

អនុប្រធានាធិបតី Sara Duterte ថាការគំរាមរបស់នាងជុំវិញការធ្វើឃាតប្រធានាធិបតីហ្វីលីពីន ជាផែនការគ្មានសាច់ និងគ្រាន់តែនិយាយចោលប៉ុណ្ណោះ!


មន្ត្រីច្បាប់ហ្វីលីពីនកាលពីថ្ងៃអង្គារបានកោះហៅអនុប្រធានាធិបតី លោកស្រី Sara Duterte ដើម្បីសាកសួរជុំវិញសេចក្តីថ្លែងការណ៍ចុងសប្តាហ៍របស់នាង ក្នុងការបញ្ជាឱ្យនរណាគេធ្វើឃាតប្រធានាធិបតី Ferdinand Marcos Jr រួមជាមួយនឹងភរិយា និងបងប្អូនជីដូនមួយរបស់គាត់ ប្រសិនបើនាងត្រូវសម្លាប់។

ការកោះហៅពីការិយាល័យស៊ើបអង្កេតជាតិ (NBI) តម្រូវឱ្យលោកស្រី Duterte បង្ហាញមុខនៅការិយាល័យរបស់ខ្លួននៅថ្ងៃទី២៩ ខែវិច្ឆិកា។ យោងតាមការកោះហៅនោះ លោកស្រី Duterte នឹងត្រូវសាកសួរជុំវិញការចោទប្រកាន់ពីបទគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការបំពានដែលអាចកើតមាននៃច្បាប់ប្រឆាំងភេរវកម្ម។

Duterte បានចោទប្រកាន់រដ្ឋបាល Marcos ថា បានបំភ្លៃពាក្យរបស់នាងដើម្បីបង្កើតរឿងមិនពិតដែលថា ជីវិតរបស់ Marcos ស្ថិតនៅក្រោមការគំរាមកំហែង ទាំងដែលការពិតការលើកឡើងរបស់នាងគឺជា “សកម្មភាពសងសឹកតាមលក្ខខណ្ឌ” ។ លោកស្រីបាននិយាយថាការលើកឡើងរបស់ខ្លួន មិនមែនជាការគំរាមកំហែងពិតប្រាកដទេ ប៉ុន្តែជាការបង្ហាញពីការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែគ្រោះថ្នាក់ដែលមិនបានបញ្ជាក់។

លោកស្រី Duterte បាននិយាយកាលពីថ្ងៃច័ន្ទថា នាងសុខចិត្តប្រឈមមុខនឹងការស៊ើបអង្កេតមួយ ប៉ុន្តែទាមទារឱ្យរដ្ឋបាល Marcos ឆ្លើយតបផងដែរចំពោះសំណួររបស់នាង រួមទាំងការចោទប្រកាន់ថាមានភាពមិនប្រក្រតីនៅក្នុងរដ្ឋាភិបាល។

នៅក្រោមច្បាប់ហ្វីលីពីន ការនិយាយជាសាធារណៈបែបនេះអាចជាបទឧក្រិដ្ឋនៃការគំរាមកំហែងថានឹងធ្វើខុសលើបុគ្គល ឬគ្រួសាររបស់ពួកគេ ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។ ពាក់ព័ន្ធចំណុចនេះ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក Jesse Andres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា ក្រុមអ្នកស៊ើបអង្កេតក៏កំពុងសម្លឹងមើលការលើកឡើងដែលមានសក្តានុពលរបស់អតីតប្រធានាធិបតី Rodrigo Duterte ដែលជាឪពុករបស់លោកស្រី Duterte ផ្ទាល់។

ដោយឡែក អតីតប្រធានាធិបតី Rodrigo Duterte បានសម្តែងការគាំទ្រចំពោះកូនស្រីរបស់ខ្លួន នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃច័ន្ទ និងបាននិយាយថា ជនស៊ីវិលដូចពួកគេនឹងមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ នៅពេលដែលពួកគេលើកឡើងបញ្ហាអំពីអំពើពុករលួយ និងភាពមិនប្រក្រតីនៅក្នុងរដ្ឋាភិបាល។ លោកបន្តថា « មានអភិបាលកិច្ច ដែលប្រេះស្រាំមានតែយោធាទេដែលអាចកែវាបាន”។

ជាមួយគ្នានេះ លោកស្រី Duterte បានបញ្ជាក់ថា លោកមិនបានអំពាវនាវឱ្យយោធាធ្វើការបះបោរទេ ប៉ុន្តែលោកស្រីបញ្ជាក់ថារដ្ឋាភិបាលស៊ីវិល នឹងស្តាប់តែពេលយោធានិយាយប៉ុណ្ណោះ។ គាត់ក៏បានសួរថាតើរយៈពេលប៉ុន្មានដែលយោធានៅតែអាចបម្រើនៅក្រោមមេបញ្ជាការកំពូល “ដែលជាអ្នកញៀនថ្នាំ”។ នេះជាការចោទប្រកាន់ដែល Duterte បានធ្វើជាញឹកញាប់ហើយ Marcos បានបដិសេធម្តងហើយម្តងទៀត។

គួរបញ្ជាក់ថា លោក Marcos បានចាប់ដៃគ្នាជាមួយ លោកស្រី Duterte ក្នុងនាមជាអនុប្រធានាធិបតីវ័យក្មេងរបស់គាត់នៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ហើយអ្នកទាំងពីរបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅលើយុទ្ធនាការអំពាវនាវនៃឯកភាពជាតិ។ នៅប្រទេសហ្វីលីពីន តំណែងទាំងពីរត្រូវបានជ្រើសរើសដោយឡែកពីគ្នា។

ទោះជាយ៉ាងនេះក្តី ទំនាក់ទំនងមេដឹកនាំទាំងពីរ មានការធ្លាក់ចុះយ៉ាងខ្លាំងជុំវិញភាពខុសគ្នាសំខាន់ៗ រួមទាំងវិធីសាស្រ្តរបស់ពួកគេចំពោះការទាមទារទឹកដីដែលរងការឈ្លានពានពីចិននៅក្នុងជម្លោះសមុទ្រចិនខាងត្បូង និងទស្សនៈស្តីពីការបង្ក្រាបគ្រឿងញៀនផងដែរ។

ក្រោយមក លោកស្រី Duterte បានលាលែងពីគណៈរដ្ឋមន្ត្រី Marcos កាលពីខែមិថុនា ហើយបានក្លាយជាអ្នករិះគន់ខ្លាំងបំផុតរបស់ប្រធានាធិបតី Marcos ភរិយា និងបងប្អូនជីដូនមួយរបស់គាត់គឺ Martin Romualdez ដែលជាប្រធានសភាតំណាងរាស្រ្ត។

សភាបាននឹងកំពុងស៊ើបអង្កេតលើការចោទប្រកាន់ថាបានប្រើប្រាស់ថវិការដ្ឋាភិបាលសម្ងាត់ដោយលោកស្រី Duterte និងនៅពេលដែលលោកស្រីធ្វើជាប្រធាននាយកដ្ឋានអប់រំ។ លោកស្រីបានបដិសេធរាល់ការខុសឆ្គង និងបានបន្ថែមការស៊ើបអង្កេតរបស់សភាបែបនេះក្នុងគោលបំណងបំបិទមាត់អ្នករិះគន់រដ្ឋាភិបាលដូចជាលោកស្រីពីការលាតត្រដាងអំពើពុករលួយ និងភាពមិនប្រក្រតីរបស់រដ្ឋាភិបាលប៉ុណ្ណោះ។

ប្រភព៖ Aljazeera, AP