រដ្ឋបាលខេត្តកំពង់ធំ បើកវេទិការថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
(រដ្ឋបាលខេត្តកំពង់ធំ)៖ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣១ ខែវិច្ឆិកាឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំបើកវេទិការថ្នាក់ខេត្ត រយៈពេល ២ថ្ងៃ (៣១/១០ – ០១/១១/២០២៤) ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។
ថ្លែងនៅក្នុងអង្គពិធីនេះ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយ បង្កើតឲ្យមានមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ អភិបាលកិច្ចមូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ។
ឯកឧត្តម បន្តទៀតថា ការរៀបចំវេទិការនេះ ដើម្បីពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័នថ្នាក់ជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាពបញ្ហាប្រឈម សំណូមពរ កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រួចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែប្រសើរឡើង។ វេទិកានេះនឹងត្រូវរៀបចំជាទៀងទាត់រៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមអនុវត្តដំបូងនាឆ្នាំនេះ។
ឯកឧត្តម នួន ផារ័ត្ន បញ្ជាក់បន្ថែមទៀតថា វេទិការនេះ នឹងទទួលបានលទ្ធផលរំពឹងទុក គឺវឌ្ឍនភាព និងដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានពិនិត្យ និងវាយតម្លៃយ៉ាងច្បាស់លាស់ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចការកំណែទម្រង់នេះ ត្រូវបានលើកឡើង ត្រូវបានកំណត់វិធានការជាក់លាក់ សម្រាប់ដោះស្រាយតាមលំដាប់ថ្នាក់រដ្ឋបាលនីមួយៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងកម្រិតរាជរដ្ឋាភិបាលទាំងមូល ។