| |

វៀតណាម បញ្ចេញទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ សាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀតភ្ជាប់មកកម្ពុជា


ផ្លូវល្បឿនលឿនប្រវែងជាង ១៧៥ គីឡូម៉ែត្រត្រូវបានស្នើឡើងក្នុងតម្លៃ ៣.១៧ ពាន់លានដុល្លារ ដើម្បីភ្ជាប់ខេត្តភាគនិរតីរបស់វៀតណាមជាមួយកម្ពុជា។ ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង My Thuan ក្រោមក្រសួងដឹកជញ្ជូនវៀតណាមបានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបញ្ចប់ការសិក្សាលទ្ធភាពបឋមសម្រាប់ផ្លូវល្បឿនលឿន Ha Tien – Rach Gia – Bac Lieu ហើយបានបញ្ជូនវាទៅក្រសួង។

ផ្លូវល្បឿនលឿននេះគ្រោងនឹងចាប់ផ្តើមនៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ទីក្រុង Ha Tien ខេត្ត Kien Giang និងបញ្ចប់នៅផ្លូវជាតិលេខ១ ទីក្រុង Bac Lieu ខេត្ត Bac Lieu។

ប្រវែងសរុបរបស់គម្រោងគឺប្រហែល ១៧៥.៥ គីឡូម៉ែត្រ ដែលមានបួនគន្លង ផ្លូវសង្គ្រោះបន្ទាន់ពីរ និងល្បឿនរចនា១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវនេះនឹងឆ្លងកាត់ខេត្តចំនួនបួននៅតំបន់ដីសណ្ដទន្លេមេគង្គ៖ គៀនយ៉ាង (៨២ គីឡូម៉ែត្រ) ហាវយ៉ាង (១៨ គីឡូម៉ែត្រ) សុកត្រាំង (១៣ គីឡូម៉ែត្រ) និងបាកលាវ (២៥,៣ គីឡូម៉ែត្រ) ។

ផ្លូវល្បឿនលឿននេះមានគោលបំណងតភ្ជាប់ច្រកព្រំដែន Ha Tien ជាមួយ Lo Te – Rach Soi Expressway ដែលមានស្រាប់ និងផ្លូវល្បឿនលឿន Can Tho – Ca Mau Express បង្កើតផ្លូវផ្តេកដែលជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់។

គួរបញ្ជាក់ថា រដ្ឋបាលផ្លូវថ្នល់វៀតណាម បានដាក់ក្នុងសំណើមួយថា ប្រទេសនេះរំពឹងមានផ្លូវល្បឿនលឿនចំនួន ៤៣ ខ្សែដែលគ្របដណ្តប់លើប្រវែងប្រមាណ ៩ ២៣៤ គីឡូម៉ែត្រ ត្រឹមឆ្នាំ ២០៥០។ ក្នុងផែនការកសាងផ្លូវថ្មី ចាប់ពីឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ ដែលដាក់ជូនដោយរដ្ឋបាលទៅកាន់ក្រសួងដឹកជញ្ជូន, ផ្លូវល្បឿនលឿនប្រមាណ ៦ ៧៥៤ គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣០ ហើយនៅសល់ប្រមាណ ២ ៤៨០ គីឡូម៉ែត្រ គ្រោងបញ្ចប់ក្រោយឆ្នាំ ២០៣០៕

ប្រភព៖ VN Express, ក្រសួងសាធារណការ និងដឹកជញ្ជូន