អបអរសាទរ! កីឡាការិនី ៣ រូប ក្លាយជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាយុទ្ធ គុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេចធិបតីឆ្នាំ ២០២៤
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្ដេចបវរធិបតី”បានប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៧២២នាក់។ ជាលទ្ធផលព្រឹត្តិការណ៍ ប្រកួត បានរកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ព្រមទាំងអត្តពលិកឆ្នើម និងអាជ្ញាកណ្តាលឆ្នើម លើវិញ្ញាសា ប្រកួតស្ម័គ្រចិត្ត អាជីព និង សម្តែង ដោយនៅក្នុងចំណោមនោះ កីឡាការនី ចំនួន ៣ រូប បានដណ្ដើមបានមេដាយមាស គឺកីឡាការិនី លាង ស្រីនីត មកពីសាលាគុនតារាជក្រសួងមហាផ្ទៃ វិញ្ញាសាប្រយុទ្ធស្ម័គ្រចិត្តនារី ទម្ងន់៤៥គីឡូក្រាម, កីឡាការិនី នៅ ស្រីពៅ វិញ្ញាសាប្រយុទ្ធ ស្ម័គ្រ ចិត្តនារី ទម្ងន់៥៥ គីឡូក្រាម ,និងកីឡាការិនី ទួន ស្រីពីន វិញ្ញាសាប្រយុទ្ធ ស្ម័គ្រ ចិត្តនារី ទម្ងន់ ៦០ គីឡូក្រាម។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយ ចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។
ក្រៅពីការប្រកួតដែលមានកីឡាយុទ្ធគុនខ្មែរបុរាណគ្រប់ទម្រង់ចូលរួម ទាំងប្រដាល់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម គុនចម្រុះ គុនចំបាប់ ខ្លាក្រាប ស្រង៉ែពែន និងក្រុមយុទ្ធគុនកងយោធពលខេមរភូមិន្ទជាដើម ក៏មានការរៀបចំពិព័ណ៌អាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ នៅមុខវិមានពហុកីឡដ្ឋានជាតិផងដែរ ដោយមានការតាំងបង្ហាញសិលាចារឹក ចារប្រវត្តិមហាយុទ្ធគុនបុព្វបុរសដូនតាខ្មែរ។
ប្រភព៖ MoEYS