|

អង្គរសង្ក្រាន្តត្រឡប់មកវិញហើយ! នៅឆ្នាំ២០២៥ ខាងមុខ ខេត្តសៀមរាបនឹងមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា


តាមប្រភពពីរដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប រួមជាមួយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ រៀបចំព្រឹត្តិការណ៍ អង្គរ សង្រ្កាន្ត និងជាប្រធាន សហភាពសហព័ន្ធយុវជន កម្ពុជា បានចុះពិនិត្យទីតាំង ដេីម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរៀបចំឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរនៃខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណង ប្រមូលផ្តុំយុវជន ក៏ដូចជាសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ក៏ដូចជាផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា។

ដោយឡែក កាលពីឆ្នាំ២០២៣ កន្លងទៅ ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឱកាសខួប ១០ ឆ្នាំរបស់ខ្លួន ដែលបាននាំមកនូវកម្មវិធីកម្សាន្តសប្បាយ រហូតដល់ទៅ ៤៤ កម្មវិធី ជាពិសេសបានបំបែកឯកគ្គទកម្មពិភពលោក ២ ដែលរួមមានការបំបែកកំណត់ត្រាឯតទគ្គកម្មបត់បេះដូងច្រើនជាងគេលើពិភពលោក បន្ថែមលើឯតទគ្គកម្មអន្សមយក្ស ដែលមានទម្ងន់ជាង៤តោន ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ និងការរាំចង្វាក់ម៉ាឌីហ្សុនដែលមានអ្នកចូលរួមចំនួន២០១៥នាក់ក្នុងឆ្នាំ ២០១៥ ដដែល ដែលទទួលស្គាល់ដោយស្ថាប័ន Guinness World Record។ ជាមួយគ្នានេះ អង្គរសង្ក្រាន្តក៏បានបំបែកឯកគ្គទកម្មថ្នាក់ជាតិតាមរយៈសមិទ្ធផលជាច្រើនដូចជា អុកយក្ស បំពង់ទឹកត្នោតយក្ស មួកស្លឹកត្នោតយក្ស ទាញព្រ័ត្រយក្ស សំបុកមាន់យក្ស កន្ត្រងប្រហុកយក្ស និងចាប៉ីដងវែងយក្សជាដើម។

គួរបញ្ជាក់ថា រយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តមិនត្រឹមតែត្រូវបានរៀបចំឡើងនៅទីតាំងខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែសង្ក្រាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើមយ៉ាងផុសផុល៕