| | |

ឯកឧត្តម ស សុខា បញ្ជាក់ច្បាស់ៗម្ដងទៀតថា មន្ត្រីនគរបាលដែលមានដុះក្បាលពោះធំៗ មិនមែនមិនឱ្យធ្វើការនោះទេ គឺឱ្យធ្វើការ ប៉ុន្តែហាមដាច់ខាតកុំឱ្យគាត់ចេញទៅអនុវត្តការងារនៅខាងក្រៅ ហើយប៉ះពាល់ជាមួយពលរដ្ឋ


តាមរយៈសំឡេងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្ត ច្បាស់ៗថា «ចំពោះមន្ត្រីនគរបាលដែលមានដុះក្បាលពោះធំៗ មិនមែនមិនឱ្យធ្វើការនោះទេ ឱ្យធ្វើការប៉ុន្តែនៅក្នុងការិយាល័យ ហាមដាច់ខាតកុំឱ្យគាត់ចេញទៅអនុវត្តកិច្ចការងារ ហើយជាពិសេសទៅលើការប៉ះពាល់ជាមួយមហាជននៅខាងក្រៅ។»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអនុវត្តកិច្ចការនេះឱ្យបានម៉ឺងម៉ាត់ និងពិនិត្យមើលទៅតាមបណ្ដាខណ្ឌ បណ្ដាស្រុកនីមួយៗ ហើយជាពិសេសនៅតាមបណ្ដាខេត្តមួយចំនួន ដែលជាខេត្តទេសចរណ៍ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តដទៃទៀត ដោយត្រូវប្រុងប្រយ័ត្ន និងចាប់ផ្ដើមកែលម្អពីឥឡូវទៅ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីនគរបាលណាដែលចង់ទៅបំពេញកិច្ចការវិញ គឺត្រូវស្រកគីឡូជាមុនសិន។

គួររំលឹកថា កន្លងមកតែងមានមតិរិះគន់ពីសំណាក់ប្រជាពលរដ្ឋចំពោះមន្ត្រីនគរបាលតាមមូលដ្ឋានមួយចំនួន ដែលមានក្បាលពោះធំ ហើយមានឫកពារក្រអើតក្រទម ប្រើពាក្យសម្ដីមិនសមរម្យជាមួយពលរដ្ឋ ហើយមន្ត្រីនគរបាលដែលមានក្បាលពោះធំ មួយចំនួនគឺមិនមានភាពស្វាហាប់ក្នុងកិច្ចការប្រចាំថ្ងៃរបស់គេនោះឡើយ ដែលជាហេតុនាំឱ្យមានការលើកឡើង និងរិះគន់ជាហូហែរ៕