ជំនួបឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ ឆ្លុះបញ្ចាំងនូវឆន្ទៈខ្ពស់ក្នុងការរួមចិត្ត រួមកម្លាំង គាំទ្រ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីអនុវត្តវិធានការគន្លឹះលើការដ្ឋានកែទម្រង់រៀងៗខ្លួន
ក្នុងពេលថ្មីៗនេះ ក្រសួងមុខងារសាធារណៈ ក្នុងតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការគន្លឹះ នៃការកែទម្រង់រដ្ឋបាលសាធារណៈផង និងក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានចុះតាមបណ្តាក្រសួងស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ទីស្តីការគណៈរដ្ឋមន្ត្រី, និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ ក្រោមសហធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួងមហាផ្ទៃ ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ។ បន្ទាប់ពីបទបង្ហាញបានបញ្ចប់ សិក្ខាសាលា បានរៀបចំវេទិកាពិភាក្សា សំនួរ ចម្លើយ ដើម្បីទទួលបានការចូលរួមមតិយោបល់ ក៏ដូចជាឆ្លើយតបរាល់មន្ទិលនានា ដោយទទួលបានការចូលរួមសួរសំណួរ និងការចែករំលែកមតិយោបល់យ៉ាងផុលផុស។
ក្នុងមតិបូកសរុបសិក្ខាសាលា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញពីឆន្ទៈគាំទ្រយ៉ាងពេញទំហឹងជាមួយក្រសួងមុខងារសាធារណៈ ព្រមទាំងសង្ឃឹមយ៉ាងមោះមុតថា តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងអង្គសិក្ខាសាលានេះ នឹងទទួលបាននូវបទពិសោធន៍ និងស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ។
ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងប្រសាសន៍បិទសិក្ខាសាលាថា ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តសហការការងារ បំពេញបន្ថែមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធិស្នាល ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងជាពិសេសលើការចូលរួមសហការលើការដ្ឋាន កែទម្រង់រដ្ឋបាលសាធារណៈ និងការដ្ឋានការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពជោគជ័យនៃការវិភាគមុខងារក្រសួង ស្ថាប័ន នឹងក្លាយទៅជាមូលដ្ឋានដ៏សំខាន់នៃការពង្រឹងភាពធន និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ ឱ្យបានជោគជ័យឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ការវិភាគមុខងារជាជំហានដ៏សំខាន់ ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ក្រសួង ស្ថាប័ន ឱ្យមានសុពលភាព និងជាចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលក្រសួង ស្ថាប័ន បាន និងកំពុងជួបប្រទះកន្លងមក។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះ មានគោលបំណង ដើម្បីពង្រឹងសហប្រតិបត្តិការ ភាពប្រទាក់ក្រឡា និងភាពច្បាស់លាស់រវាងក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជំរុញការធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា នាថ្ងៃស្អែកទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ នឹងបន្តសហការរៀបចំសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័នចំនួន២ គឺ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ៕