|

អភិបាលខេត្តកំពង់ធំ បានជំរុញដល់ប្រធានមន្ទីរកសិកម្ម ស្នើសុំស្រូវពូជចែកជូនបងប្អូនដែលទទួលរងគ្រោះខូចខាតដំណាំស្រូវ


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជូនប្រជាពលរដ្ឋដែល មានជីវភាពលំបាកខ្វះខាតចំនួន៣០០គ្រួសារ ស្ថិតឃុំត្រពាំងឬស្សី នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាព បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ។

ឯកឧត្តម នួន ផារ័ត្ន បានបន្តទៀតថា កន្លងមក ស្រុកកំពង់ស្វាយ គឺជាស្រុកមួយដែលទទួលរងគ្រោះទឹកជំនន់ ខូចខាតស្រូវច្រើនជាងគេក្នុងចំណោមស្រុកដទៃទៀត ហើយរដ្ឋបាលខេត្តកំពង់ធំ បានជំរុញដល់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើរបាយការណ៍ទៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះហន្តរាយថ្នាក់ជាតិ ដើម្បីសុំស្រូវពូជចែកជូនបងប្អូនដែលទទួលរងគ្រោះខូចខាតដំណាំស្រូវ ដើម្បីស្តារនូវស្ថានភាពដំណាំស្រូវបន្ទាប់ពីទឹកស្រក់ទៅវិញ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រនៅក្នុងស្រុកកំពង់ស្វាយ ព្រមទាំងបានថ្លៃអំណរគុណ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ខ្ពស់នូវជីវភាព សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ បាននាំយកស្បៀងនិងសម្ភារៈគ្រឿងឧបភោគបរិភោគ តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មកចែកជូនដល់បងប្អូនប្រជាពលរ ដ្ឋក្រីក្រ ងាយរងគ្រោះ ដែលជួបការលំបាក ក្នុងជីវភាព រស់នៅ ប្រចាំថ្ងៃនាពេលនេះមាន សរុប ចំនួន ៣០០ គ្រួសាររស់នៅក្នុង ឃុំត្រពាំងឫស្សី នាពេលនេះ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ