| |

ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងប្រើប្រាស់ដើម្បីវាយតម្លៃសាលារៀនគំរូសម្រាប់ឆ្នាំ២០២៥ខាងមុខ


នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្ដីពី «ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដើម្បីផ្ដល់ព័ត៌មានពិស្ដារអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងអប់រំយុវជន និងកីឡា។

ថ្លែងនៅក្នុងសន្និសីទនាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការដឹកនាំ ការគ្រប់គ្រងសាលារៀន ការរៀន និងការបង្រៀន ព្រមទាំងការជួយគាំទ្រ និងការចូលរួមរបស់មាតា បិតា អាណាព្យាបាលសិស្ស ក៏ដូចជាគណៈគ្រប់គ្រងសាលា ជាកត្តាកំណត់លទ្ធផលសិក្សារបស់សិស្ស។ ដើម្បីជាការ ជំរុញ និងលើកទឹកចិត្តឱ្យសាលារៀនទាំងអស់ខំប្រឹងប្រែងដើម្បីសម្រេចបានតាមគោលដៅនេះ ក្រសួងអប់រំយុវជន និងកីឡា បានលើកទឹកចិត្តតាមរយៈការដាក់ចេញនូវស្តង់ដារសាលារៀនគំរូ។

ជាក់ស្ដែង ក្នុងឆ្នាំ២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសទទួលស្គាល់សាលារៀនចំនួន ២០ ជាសាលារៀនគំរូ ហើយនៅឆ្នាំ២០២៥នេះ ក្រសួងនឹងធ្វើការវាយតម្លៃ។ ផ្សារភ្ជាប់ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នឹងប្រើប្រាស់ដើម្បីវាយតម្លៃថាជាសាលារៀនគំរូសម្រាប់ឆ្នាំ២០២៥ខាងមុខ ដោយសាលារៀនណា ដែលមានសិស្សជាប់ និទ្ទេស A B C ច្រើនជាងគេ គឺជាសញ្ញានៃសាលារៀនគំរូ។

គួរបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនាថ្ងៃទី ០៨ – ០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧ ០៤០នាក់ (ស្រី ៧៤ ៨៨២ នាក់)។