ក្រសួងអប់រំ នឹងបន្តកំណែទម្រង់សាលាគរុកោសល្យ ដោយប្រែក្លាយសាលាគរុកោសល្យ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដែលប្រារព្ធនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំនេះ ទិវាគ្រូបង្រៀននៅថ្នាក់ជាតិ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” គឺដើម្បីបង្ហាញអំពី ទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួម និងកសាងមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តកម្មឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានសមត្ថភាព និងភាពឆ្លើយតបទៅនឹងតម្រូវការនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺជាភាពចាំបាច់ ដែលមិនអាចរំលងបាន និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តកិច្ចការកំណែទម្រង់អប់រំជាច្រើន ដោយផ្តើមចេញពីកំណែទម្រង់ថ្នាក់ជាតិ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព។
គ្រូបង្រៀនគឺជាភ្នាក់ងារដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀន គឺជាកត្តាគន្លឹះ ដោយក្រសួងនឹងបន្តកំណែទម្រង់សាលាគរុកោសល្យពោលគឺ ការប្រែក្លាយសាលាគរុកោសល្យ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត ដើម្បីធានាបាននូវ គុណភាព និងឧត្តមភាព ឆ្លើយតបនឹងតម្រូវការក្នុងបរិបទថ្មីនេះ។ ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុង សង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បី៖ ១).ទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជា គ្រូបង្រៀន ២).ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន ៣).ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និង ៤).ធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីបង្ហាត់បង្រៀនសិស្សឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ ចរិយាធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកច្រើន និងស្នើដល់លោកឪពុក អ្នកម្តាយ និងអ្នកឤណាព្យាបាលទាំងអស់ សូមចូលរួមចំណែកឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងការជួយអប់រំកូនចៅឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូដែលជាអ្នកបង្ហាត់បង្រៀនឱ្យកូនចៅរបស់យើងឱ្យមានចំណេះដឹង ជំនាញ សមត្ថភាព ទេពកោសល្យ ដឹងខុស ដឹងត្រូវ ស្គាល់ល្អ ស្គាល់ឤក្រក់ យល់ការណ៍រាក់ជ្រៅ និងកសាងអនាគតបានភ្លឺស្វាង ក្លាយជាកម្លាំងចលករចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព៕
ប្រភព៖ MoEYS