|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹងដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅខេត្តកំពង់ចាម។ ពិធីបិទសិក្ខាសាលាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន អភិបាលនៃអភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមត្តេយ្យសិក្សា។

ក្នុងរបាយការណ៍បូកសរុបលទ្ធផលនៃសិក្ខាសាលារយៈពេល ១ថ្ងៃពេញ ដែលបានបញ្ចប់ដោយជោគជ័យ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ឆ្លងកាត់ការធ្វើបទបង្ហាញរបស់វាគ្មិនតំណាងក្រសួង ស្ថាប័ន ជាពិសេសតាមរយៈវេទិកាសំណួរ និងចម្លើយ បានផ្តល់ធាតុចូលដ៏មានសារៈសំខាន់ជាច្រើន ដើម្បីយកមករៀបចំកែសម្រួល និងដាក់បញ្ចូលក្នុងសេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួម នៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ព្រមទាំង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឱ្យមានភាពគ្រប់ជ្រុងជ្រោយស្របតាមបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីគាំទ្រ ដល់ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងវិស័យអប់រំឱ្យមានប្រសិទ្ធភាពខ្ពស់ឆ្លើយ តបនឹងសេចក្តីត្រូវការនៃការងារ និងការផ្តល់សេវាអប់រំ។

យោងតាមរបាយការណ៍បូកសរុប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈ និងអ្នកពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះ ប្រកបដោយបរិយាកាសរីករាយ និងទទួលបានភាពជោគជ័យ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាជិក​ សមាជិកានៃអង្គសិក្ខាសាលាទាំងអស់ ដែលបានចូលរួមស្តាប់ និងផ្តល់យោបល់ ព្រមទាំងចែករំលែកនូវបទពិសោធ និងចំណេះដឹង ដើម្បីរួមចំណែកក្នុងការតាក់តែងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គោលការណ៍រួមក្នុងការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងវិស័យអប់រំ ឱ្យកាន់តែល្អ មានលក្ខណៈគ្រប់ជ្រុងជ្រោយក្នុងការជ្រើសរើស និងរក្សានូវលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សម្រាប់បម្រើការងារដែលមានគុណវុឌ្ឍិ និងសមត្ថភាពជំនាញខ្ពស់ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ដោយបានលើកឡើងថា “រើសឱ្យចំ​ បំពេញឱ្យត្រូវ រក្សាឱ្យនៅ”។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹងដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការ ចូលរួម និងជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ និយាយដោយឡែក គឺការផ្លាស់ប្តូរ ឬកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ពីរចនាសម្ព័ន្ធបែបមុខងារ (Functional Structure) មករចនាសម្ព័ន្ធបែបប្រតិបត្តិការ (Operational Structure) តាមរយៈការបំពេញការងារក្នុងក្របខណ្ឌជាគម្រោង ដោយបង្កើតជាក្រុមការងារផ្សេងៗ សម្រាប់បំពេញបេសកកម្ម ដើម្បីសម្រេចឱ្យបាននូវសូចនាករសមិទ្ធកម្មដែលមានកំណត់នៅក្នុងផែនការសកម្មភាព កម្មវិធី ឬអនុកម្មវិធីរបស់អង្គភាព និងក្រសួងស្ថាប័ន។