|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា តាមការស្នើសុំ


តបតាមសំណើរបស់ស្ថានទូតអូស្ត្រាលី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលការជួបសម្តែងការគួរសម និងសំណេះសំណាល ពី ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៏ឧត្តម មកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការកត់សម្គាល់លើទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា អូស្ត្រាលីដែលបានបន្តពង្រឹង និងពង្រីកទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ លើគ្រប់វិស័យ។ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថា ប្រទេសអូស្ត្រាលី នឹងបន្តជាដៃគូកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាបន្តគាំទ្រលើចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដែលកម្ពុជាកំពុងអនុវត្ត ដើម្បីឆ្ពោះទៅការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកជូនឯកឧត្តមឯកអគ្គរដ្ឋទូតនូវប្រសាសន៍របស់សម្តេចធិបតីដែលបានប្រកាសជាសាធារណៈ និងបានលើកឡើងជាមួយមិត្តបរទេស អំពីនយោបាយការបរទេសរបស់កម្ពុជាដែលមានភាពច្បាស់លាស់ ហើយជានយោបាយការបរទេសដែលបន្តនិរន្តភាព (Continuity) និងមានសង្គតិភាព (Consistency)។

កិច្ចពិភាក្សា បានផ្តោតលើកិច្ចសហប្រតិបត្តិការនានាផ្តើមចេញពីការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការវ័យក្មេងកម្ពុជា ការជំរុញលើវិស័យពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ជាការឆ្លើយតប​នឹង​ចំណាប់អារម្មណ៍ខ្ពស់របស់ឯកឧត្តមទូតក្នុងការស្វែងយល់បន្ថែមលើកិច្ចការងារកែទម្រង់របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចការអាទិភាព ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ឯកឧត្តមអគ្គរដ្ឋទូត។ ថា្នក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាលើកិច្ចការពង្រីកកិច្ចសហការក្នុងវិស័យ មុខងារសាធារណៈកម្ពុជា និងសិក្សា​ពីលទ្ធភាព​ក្នុងការ​បង្កើន​ឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការកម្ពុជា ​បន្ថែមលើយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់​កិច្ចសហប្រតិបត្តិការ​អាស៊ាន​ស្តីពី​បញ្ហាពាក់ព័ន្ធនឹង មុខងារសាធារណៈ (ACCSM) ជាដើម។

ចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរដល់ក្រុមការងារស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជាពិសេស ឯកឧត្ដម ដេរិក យីប ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងអាណត្តិបេសកកម្មការងារថ្មីរបស់ ឯកឧត្ដម នៅប្រទេសកម្ពុជា។