ស្ត្រី និងភាពជាអ្នកដឹកនាំក្នុងបរិបទកូវីដ-១៩


ក្នុងស្ថានការណ៍ដែលប្រទេសកំពុងជួបប្រទះជំងឺរាតត្បាតសកលកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ ស្ត្រី បាន នឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធនាការប្រឆាំងការឆ្លងរាលដាលបន្ត ដើម្បីមកនូវប្រក្រតីភាពជូនប្រជាពលរដ្ឋសម្រាប់បន្តដំណើរជីវិតជាធម្មតាតាមបែបគន្លងថ្មី។

នេះគឺជាលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ គិតចាប់ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ដំបូងនៅកម្ពុជា នាចុងខែមករា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន មានភារកិច្ចដ៏សំខាន់លើការងារគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងគំរាមកំហែងសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

ក្រោយមកទៀត ដោយសារតែភាពបិុនប្រសប់ និងសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកចាត់ចែង ដឹកនាំ និងគ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។

លោកស្រី តែងត្រូវបានគេមើលឃើញថា ជាថ្នាក់ដឹកនាំស្ត្រី និងជាមន្ត្រីសាធារណៈមួយរូបដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញតួនាទី។

ខណៈបច្ចុប្បន្ន ជំងឺកូវីដ-១៩ កំពុងវាយលុកខ្លាំង លោកស្រី ឱ វណ្ណឌីន មានភារកិច្ច និងទំនួលខុសត្រូវកាន់តែច្រើនត្រូវរ៉ាប់រ៉ង ដើម្បីធ្វើយ៉ាងណា ធានាបានថា ជំងឺនេះ អាចគ្រប់គ្រងបាន និងមិនបន្តការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

នៅក្នុងសំណេរមួយដែលត្រូវបានគេចែករំលែកតគ្នាលើបណ្ដាញសង្គម លោកស្រី ឱ វណ្ណឌីន បាននិយាយថា៖«ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្ត  ចោទសួររិះគិតថា  ហេតុអ្វីបានជាបុគ្គលខ្លះ  គាត់មិនអនុវត្តបាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តជំនួសពួកគាត់បាន  ខ្ញុំប្រាកដជាធ្វើជូនពួកគាត់  តែបើខ្ញុំធ្វើ  គឺការពារបានតែរូបខ្ញុំ  និងការពារមិនចម្លងជំងឺសាហាវនេះ  ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។»

«ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី  នាំគ្នាអនុវត្តវិធានការការពារទាំងអស់គ្នា  យើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។ អ្នកឆ្លងរកឃើញកើនឡើងច្រើន បង្កើតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ: ក្នុងរយ:ពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍  និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ  និងសង្គម ។»

នៅក្នុងន័យនេះ គេអាចយល់បានថា ស្រ្តីជាអ្នកដឹកនាំ តែងយកចិត្តទុកដាក់ខ្ពស់ និងគិតគូរបានគ្រប់ជ្រុងជ្រោយ ចំពោះការងារដែលពួកគេទទួលខុសត្រូវ៕

រូបភាព៖AKP

ដោយ៖ង៉ាយ ណៃ