|

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺបន្តការកែលម្អផ្នែកទន់ ពង្រឹងគុណវុឌ្ឍិគ្រូ និងការផលិតគ្រូសម្រាប់សតវត្សទី២១


ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍អប់រំ” ស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គោលដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺត្រូវបន្តធ្វើការកែលម្អផ្នែកទន់ ពង្រឹងគុណវុឌ្ឍិគ្រូ ពង្រឹងការបណ្តុះបណ្ដាលគ្រូឱ្យមានគុណភាពស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងផលិតគ្រូសម្រាប់សតវត្សទី២១។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា គរុសិស្ស គរុនិស្សិត ត្រូវច្បាស់នូវចំណេះដឹងវិជ្ជាជីវៈ ដែលក្នុងនោះក្រសួងបានសម្រេច ឱ្យវិទ្យាស្ថានបណ្តុះបណ្តាលជំនាញឯកទេស ២ ខណៈយកពិន្ទុឯកទេសគោលតែ១ប៉ុណ្ណោះជាមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការគ្រូជាក់ស្តែងពេលចេញបង្រៀនតាមសាលា និងសូមស្នើឱ្យវិទ្យាស្ថាន ពង្រឹងការធ្វើពិសោធន៍នៅបន្ទប់ពិសោធន៍ ដោយត្រូវរៀបចំជាសៀវភៅស្តង់ដាប្រតិបត្តិការធ្វើពិសោធន៍។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖ ១). ត្រូវសម្រេចឱ្យបាននូវស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនទាំង ៥ គឺចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ សីលធម៌វិជ្ជាជីវៈ និងត្រូវមានចិត្តគរុកោសល្យ ២). ត្រូវមាននិយ័តភាព និងភាពចាស់ទុំក្នុងការបង្រៀនសិស្សឱ្យមានចំណេះដឹង ចំណេះធ្វើ ជាពលរដ្ឋល្អ ជាមិត្តល្អ ៣). ត្រូវពង្រឹងសមត្ថភាពផ្នែកឌីជីថល និងភាសាបទេស ដើម្បីពង្រីកវិសាលភាពក្នុងការសិក្សាស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងសម្បូរបែប ៤). ត្រូវបន្តធ្វើការសិក្សា ស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និង ឥរិយាបថក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ប្រភព៖ MoEYS