|

ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍លើកដំបូង នៅទ្វីបអាស៊ី


នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Claire Conan, នាយិកាប្រចាំប្រទេស នៃកម្មវិធីស្បៀងអាហារពិភពលោក ក្នុងការត្រៀមរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារ តាមសាលារៀនលើកទី១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ភាគីពាក់ព័ន្ធ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

យោងតាមឯកឧត្តមបណ្ឌិតសភាចារ្យ បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស្តីពីការផ្តល់អាហារតាមសាលារៀននេះ ដែលសិក្ខាសាលាថ្នាក់តំបន់នេះ គឺជាព្រឹត្តិការណ៍លើកដំបូង នៅទ្វីបអាស៊ី ដែលហៅថា “បណ្តាញមិត្តជួយមិត្តនៅក្នុងតំបន់អាស៊ី” ក្នុងគោលបំណងដើម្បីចែករំលែក ឧត្តមានុវត្តន៍ នៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការផ្តល់អាហារតាមសាលារៀន, បង្កើនការវិនិយោគលើកម្មវិធីផ្តល់អាហារ តាមសាលារៀន និងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ការរៀបចំ សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍នៅកម្ពុជា គឺជាឱកាសល្អមួយសម្រាប់កម្ពុជាក្នុងការដកស្រង់បទពិសោធន៍ល្អៗ និងសិក្សាកាន់តែស៊ីជម្រៅលើការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ពីបណ្តាប្រទេសនានា ដៃគូអភិវឌ្ឍ និងអង្គការអន្តរជាតិ ដើម្បីយកមកបំពេញបន្ថែម និងកែលម្អការអនុវត្តកម្មវិធីផ្តល់អាហារ តាមសាលារៀននៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស្តីពី “ការផ្តល់អាហារតាមសាលារៀន” គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ខាងមុខនេះ និងមានអ្នកចូលរួមសរុបប្រមាណ ១៣០នាក់ មកពីប្រទេសចំនួន ១៣ រួមមានប្រទេសព្រុយណេ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ជប៉ុន ចិន និងសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលាថ្នាក់តំបន់នេះ ក៏មានការជួយគាំទ្រពី កម្មវិធីស្បៀងអាហារពិភពលោក និង KOICA ផងដែរ៕

ប្រភព៖ Hangchoun Naron