|

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)”


នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)” នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំង សមាជិកស.ស.យ.ក. ចំណុះនាយកដ្ឋាន អង្គភាពចំណុះគណៈកម្មាធិការកណ្តាលប្រមាណ ៨០០នាក់។

ជាកិច្ចចាប់ផ្តើម លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមដឹងនាំរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន UYFC 2.0 បានគូសបញ្ជាក់ថា UYFC 2.0 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងផ្តល់វេទិកា ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឱ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ ដែលបានរៀបចំឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ នេះឡើង។ ឯកឧត្តមបានបន្តថា សិក្ខាសាលានេះ នឹងផ្តល់ជាវេទិកា និងឱកាសសម្រាប់សមាជិក សមាជិកា ចូលរួមចែករំលែក និងទទួលបាននូវចំណេះដឹងតាមរយៈបទអន្តរាគមន៍លើប្រធានបទសំខាន់ៗនាពេលនេះ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថាតាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អាចយកចំណេះដឹងដែលទទួលបាន ទៅផ្សព្វផ្សាយឱ្យបានសុីជម្រៅ និងទូលំទូលាយទៅដល់រចនាសម្ព័ន្ធថ្នាក់ក្រោម និងបំពេញការងារស្ម័គ្រចិត្តប្រកបដោយមនសិការ និងការបេ្តជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិបន្ថែមទៀត។