ឯកឧត្តមបណ្ឌិត សោម រតនា៖ ការអប់រំគុណធម៌ ចរិយាធម៌ និងរបៀបរបបជាខ្មែរ គឺជារឿងចាំបាច់ដែលត្រូវដុះខាត់តាំងពីតូច
ថ្លែងប្រសាសន៍នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅក្នុងពិធីប្រគល់បណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា២០២៣-២០២៤ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាកិច្ចការអាទិភាពធំបំផុតរបស់ ហើយក្នុងទិសដៅនេះ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ពីការចូលរួមពីផ្នែកឯកជន។
ឯកឧត្តមបណ្ឌិតបានបន្តថា សាលាវេស្ទើនអន្តរជាតិ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សទាំងជំនាញរឹង និងជំនាញទន់ ដែលជំនាញទន់នេះ គឺជាផ្នែកដ៏សំខាន់ ក្នុងបរិបទនៃការអប់រំបច្ចុប្បន្ន។ ឯកឧត្តម បានគូសបញ្ជាក់ថា ការអប់រំគុណធម៌ ចរិយាធម៌ និងរបៀបរបបជាខ្មែរ គឺជារឿងចាំបាច់ដែលត្រូវដុះខាត់តាំងពីតូច ជាពិសេសការអប់រំកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សាផ្ទាល់តែម្ដង ដើម្បីឱ្យពួកគាត់មានមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួនទៅជាធនធានដ៏ពិតប្រាកដសម្រាប់ប្រទេសជាតិ។
គួរបញ្ជាក់ថា ពិធីប្រគល់បណ្ណសរសើរដល់សិស្សឆ្នើមប្រចាំឆ្នាំសិក្សា២០២៣-២០២៤ បានរៀបចំឡើងនៅវិស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តែ ឡូរិន អគ្គនាយកសាលាវេស្ទើនអន្តរជាតិ និងជាទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្ត្រី បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។