យុវជន៖ ក្រៅពី “៣កុំ ៣ការពារ និង២ចូលរួម” ចូលឆ្នាំនៅផ្ទះ ក៏ជាវិធានការដ៏ប្រសេីរដើម្បីឆ្លងផុតគ្រាលំបាកនេះ


ខណៈពេលដែលកម្ពុជាយើងកំពុងតែមានការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអនាម័យ ក៏ដូចជាវិធានការការពារជាបន្តបន្ទាប់ ក្នុងគោលបំណងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្តចូលរួមទប់ស្កាត់ និងបន្តការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការឆ្លងរីករាលដាលនេះ ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនាពេលដ៏ខ្លីខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីរុញច្រានស្ថានការណ៍ដ៏លំបាកនេះឱ្យវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញ ពិតណាស់គឺតម្រូវឱ្យមានការផ្សព្វផ្សាយការយល់ដឹង និងការចូលរួមអនុវត្ត និងការពារពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកំពុងតែរំកិលខ្លួនកាន់តែកៀក លោកជំទាវ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសឆ្លងសង្ក្រាន្តថ្មី តាមរយៈការអនុវត្តន៍នូវវិធានការ «ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home» ដែលនេះជាវិធានការការពារថ្មី បន្ថែមពីលើវិធានការអនាម័យ «៣កុំ ៣ការពារ និង២ចូលរួម» ដែលបាននឹងកំពុងតែអនុវត្ត។

តើ “៣កុំ ៣ការពារ និង២ចូលរួម” និង “ចូលឆ្នាំនៅផ្ទះ” ពិតជាវិធានការដ៏ប្រសើរបំផុតមែនដែរឬទេ ដើម្បីឆ្លងផុតគ្រាដ៏លំបាកនេះ?

យុវតីម្នាក់មកពីខេត្តព្រៃវែង កញ្ញា ថុន្នី ច័ន្ទលីនដា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនជុំវិញវិធានការការពារទាំងនេះថា៖ “ក្នុងនាមជាយុវជនម្នាក់នាងខ្ញុំ យល់ស្រប និងគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការ «៣កុំ ៣ការពារ និង២ចូលរួម» និង”ចូលឆ្នាំនៅផ្ទះ (នាងខ្ញុំបានចាក់វ៉ាក់សាំង២ដងរួចហើយ កញ្ញាបញ្ជាក់បន្ថែម)”។

ចំណែកឯលោក នូ សុវិទូ មុខរបរសព្វថ្ងៃជាគ្រូបង្រៀនបានបង្ហាញទស្សនៈស្រដៀងគ្នានេះថា៖ “សម្រាប់ខ្លួនខ្ញុំផ្ទាល់ វិធាន ៣កុំ ៣ការពារ និង២ចូលរួម ពិតជាយុទ្ធសាស្ត្រល្អបំផុតក្នុងការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃការឆ្លងកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ ពីសហគមន៍ទៅសហគមន៍បានយ៉ាងមានប្រសិទ្ធភាពបំផុត។”

មិនខុសពីយុវជន និងយុវតីខាងលើ យុវជនម្នាក់ទៀត ដែលមានមុខរបរជាគ្រូបង្រៀន លោក កាំង គីមហាប់បានបង្ហាញទស្សនៈវិជ្ជមានយ៉ាងដូច្នេះថា៖ “វិធានការ ៣ការពារ ៣កុំ និង២ចូលរួមគឺជាវិធានការដែលអាចជួយប្រជាពលរដ្ឋកម្ពុជា ឱ្យចៀសផុតពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ក៏ដូចជាការចម្លងជំងឺកូវីដ១៩ទៅកាន់អ្នកដទៃ ជាពិសេសជនងាយរងគ្រោះដូចជា ស្រ្តី កុមារ និងមនុស្សចាស់ជាដើម។”

ក្នុងបរិបទដែលកម្ពុជាមានអ្នកឆ្លងកាន់តែកើនឡើង និងពិធីបុណ្យចូលឆ្នាំថ្មីកាន់តែខិតចូលមកជិត លោក នូ សុវិទូបានលើកឡើងថា៖ “ឆាប់ៗខាងមុខ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ ដូច្នេះឆ្នាំនេះ ចូលឆ្នាំនៅផ្ទះ ជាជម្រើសដ៏ឆ្លាតវៃសម្រាប់ក្រុមគ្រួសារអាចការពារខ្លួនពីការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះបាន”។

“វិធានការនេះបាននឹងកំពុងឆ្លើយតបជាមួយសភាពការណ៍ព្រឹត្តិការណ៍សហគមន៍២០កុម្ភះនេះតែម្តង ហើយក៏នឹងត្រូវបានប្រើប្រាស់ដើម្បីឆ្លើយតបក្នុងស្ថានភាពដែលព្រឹត្តិការណ៍នេះអាចអូសបន្លាយ ទៅដល់ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ។ យើងនៅតែមានលទ្ធភាពបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភះនេះបានតាមរយៈ ការចូលរួមអនុវត្តអោយបាននូវវិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ បូករួមទាំងវិធានការ បីការពារ បីកុំ និងពីរចូលរួមនេះ” លោក កាំង គីមហាប់បញ្ជាក់យ៉ាងដូច្នេះ។

កញ្ញា ថុន្នី ច័ន្ទលីនដា បានផ្តាំផ្ញើជាសារចុងក្រោយជូនបងប្អូនប្រជាពលរដ្ឋខ្មែរថា៖ “បញ្ហាក្រពះជារឿងសំខាន់ តែសូមឱ្យគិតពីបញ្ហាសួតផង! សូមមេត្តាប្រុងប្រយ័ត្នគ្រប់ពេល ការពារខ្លួនឯងផងនិងអ្នកដទៃផង។ កំឡុងពេលកំពុងធ្វើការ ឬរកស៊ីសូមកុំឱ្យមានការធ្វេសប្រហែសក្នុងការការពារខ្លួន។ ជាពិសេសសូមកុំចែកចាយនូវព័ត៌មានដែលមិនពិត មិនមានប្រភពច្បាស់លាស់ ដែលមិនបានប្រកាសដោយក្រសួងសុខាភិបាល ឬរដ្ឋាភិបាល។”

លោក នូ សុវិទូ៖ “ជាចុងក្រោយខ្ញុំបាទសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា រក្សាអនាម័យហូបចុក និងរស់នៅឲ្យបានស្អាត ប្រើប្រាស់បែបផែននៃគន្លងជីវិតថ្មី រក្សាគម្លាតក្នុងសង្គម និងរក្សាទីតាំងរស់នៅរបស់ខ្លួនឲ្យបានជាប់លាប់ ចៀសវាងការចល័តទៅមកដោយមិនចាំបាច់ ដែលប្រការទាំងនេះនឹងអាចការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ
និងសហគមន៍ទាំងមូលបានរួចផុតពីជំងឺកូវីដ១៩ បានយ៉ាងជាក់ច្បាស់”។

លោក កាំង គីមហាប់៖ “ខ្ញុំសូមជូនពរបងប្អូនយើងទាំងអស់គ្នាឱ្យចៀសផុតពីជំងឺឆ្លងរាតត្បាតជាសកលនេះដោយត្រូវអនុវត្តឱ្យបាននូវច្បាប់ គោលការណ៍
និងវិធានការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញក្នុងគោលបំណងបង្ការការចម្លងជំងឺកូវីដ១៩ និងបិទបញ្ចប់ការចម្លងក្នុងសហគមន៍។”