ឯកឧត្តម ហ៊ុន ម៉ានី៖ សមិទ្ធផលក្នុងឆ្នាំដំបូងក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កើតចេញមកពីការតាំងចិត្តក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ
បើគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ មានរយៈពេល ០១ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេស និងសម្រេចបានសមិទ្ធិផលធំៗជាច្រើន។ ក្នុងឱកាសនៃការអបអរចំពោះសមិទ្ធិផលដែលសម្រេចបាននេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានរំលេចនូវសារថា «ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ខ្ញុំមានមោទនភាព និងក្តីសោមនស្ស សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗ ជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា សម្រេចបានក្នុងរយៈពេលមួយឆ្នាំដំបូង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ មោះមុត វាងវៃ ស្វាហាប់ ប្រាកដប្រជា ប្រកបដោយថាមពល បុរេសកម្ម មានចក្ខុវិស័យវែងឆ្ងាយ និងមានភាពបត់បែនរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស ហើយបាន និងកំពុងហុចផលជាវិជ្ជមានសម្រាប់ជាឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។ សមិទ្ធផលទាំងអស់នេះ ក៏បានរួមចំណែកលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ៗ ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំបំផុតពីសំណាក់មន្រ្តីគ្រប់លំដាប់ថ្នាក់ មានមោទនភាព ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងនាមជាសេនាធិការក្នុងការសម្រេចបានសមិទ្ធផលការងារសំខាន់ៗជាច្រើនបន្ថែមទៀត ដែលគាំទ្រដល់ការធានាឱ្យបាននូវប្រក្រតីភាពនៃការគ្រប់គ្រងមន្ត្រី និងស្ថានភាពរដ្ឋបាលរបស់មន្ត្រី ការធានានូវភាពទៀតទាត់ក្នុងការបើកប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកិច្ចការពាក់ព័ន្ធ។
សមិទ្ធផលក្នុងឆ្នាំដំបូង ដែលយើងសម្រេចបាន ទាំងនេះ គឺជាមោទនភាព កម្លាំងចិត្ត និងជាសមិទ្ធផល ដែលចេញមកពីការតាំងចិត្តរបស់យើងទាំងអស់គ្នា ក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
យើងទាំងអស់គ្នា ប្តេជ្ញាបន្តចូលរួមជាមួយគ្នាដោយមោះមុត ស្មោះស្ម័គ្រឥតងាករេ ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។»