ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ការណែនាំ ៧ចំណុច សម្រាប់គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ខេត្តកំពង់ស្ពឺ
ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ចំនួន៧ ចំណុច ជូនដល់ក្រុមការងារ និងគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ឱ្យបន្តយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហា រួមមាន៖ ១)ការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២)គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿនញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣)មានសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤)គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥)ដោះស្រាយវិវាធនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ៦)មានអនាម័យ មានសោភ័ណ្ឌភាព និងមានបរិស្ថានល្អ ៧)ឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាលដាលកាចសាហាវ ប្រកបដោយសុវត្តិភាព។
ក្នុងកិច្ចប្រជុំដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ចូលរួមទាំងអស់គ្នា ទាំងគណៈបញ្ជាការខេត្ត ក៏ដូចជាមន្ទីរជុំវិញខេត្ត ចូលរួមអបអរសាទរ និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបើកគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យបានក្លៀវក្លា ដើម្បីរួមចំណែកជាផលប្រយោជន៍មួយដ៏មហិមាសម្រាប់ប្រទេសជាតិ ទាំងប្រយោជន៍សេដ្ឋកិច្ច និងឆ្ពោះទៅកាន់ឯករាជ្យភាពក្នុងការដឹកជញ្ជូនរបស់កម្ពុជា។
ប្រភព៖ ក្រសួងមុខងារសាធារណៈ