មិនទាន់បញ្ចប់ទេ! ប្រទេសកូរ៉េខាងជើងបានបញ្ជូនប៉េងប៉ោងដែលពោរពេញទៅដោយសំរាមទៅកាន់កូរ៉េខាងត្បូង ជាបន្តបន្ទាប់
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ប៉េងប៉ោងហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅតំបន់ភាគខាងជើងនៃខេត្ត Gyeonggi ដែលព័ទ្ធជុំវិញទីក្រុងសេអ៊ូល។ កូរ៉េខាងត្បូងបានណែនាំពលរដ្ឋរបស់កុំឱ្យប៉ះបាល់ដែលបានទម្លាក់ ហើយធ្វើការរាយការណ៍ទៅកងទ័ព ឬប៉ូលីស។
ចាប់តាំងពីខែឧសភាមក ទីក្រុងព្យុងយ៉ាងបានបញ្ជូនប៉េងប៉ោងជាង ២,០០០ ដែលពោរពេញទៅដោយសំរាម ដើម្បីឆ្លើយតបទៅនឹងប៉េងប៉ោងជាមួយនឹងការឃោសនាប្រឆាំងនឹងរបបកូរ៉េខាងជើងដែលក្រុមសកម្មជនបញ្ជូនជាប្រចាំពីកូរ៉េខាងត្បូង។
នេះរួមជាមួយនឹងការប៉ុនប៉ងរបស់របបក្រុងព្យុងយ៉ាងក្នុងការជ្រៀតជ្រែកជាមួយប្រព័ន្ធ GPS ជុំវិញឧបទ្វីបកូរ៉េ បាននាំទីក្រុងសេអ៊ូល ឱ្យផ្អាកសន្ធិសញ្ញាដែលខ្លួនបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងក្នុងឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ព្រំដែន។
យោធាកូរ៉េខាងត្បូងក៏បានសម្រេចចិត្តដំឡើងឧបករណ៍បំពងសំឡេងរបស់ខ្លួនឡើងវិញនៅតាមព្រំដែន ហើយនៅថ្ងៃទី ៩ ខែមិថុនា កូរ៉េខាងត្បូងក៏បានធ្វើការផ្សព្វផ្សាយជាលើកដំបូងក្នុងការឃោសនាប្រឆាំងនឹងរបបក្រុងព្យុងយ៉ាងក្នុងរយៈពេលជាង ៨ ឆ្នាំ។
ទំនាក់ទំនងរវាងកូរ៉េទាំងពីរស្ថិតក្នុងចំណុចទាបបំផុតមួយ ជាពិសេសបន្ទាប់ពីការបរាជ័យក្នុងឆ្នាំ២០១៩ នៃកិច្ចសន្ទនាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។
ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានប្រកាសថាកូរ៉េខាងត្បូងជា “សត្រូវសំខាន់” ហើយបានជ្រើសរើសពង្រឹងទំនាក់ទំនងជាមួយប្រទេសដូចជារុស្ស៊ីជាដើម។
ប្រភព៖ EFE