|

លោក ហ៊ុន ម៉ានី មានមោទកភាពចំពោះគ្រូពេទ្យស្ម័គ្រចិត្ត សសយក ដែលចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលដ៏ខ្លីខាងមុខ


លោក ហ៊ុន ម៉ានី បានបង្ហាញមោទនភាព និងថ្លែងអំណរគុណចំពោះ សមាជិក សមាជិកា សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាក្រុមការងារស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនាពេលខាងមុខនេះ។

ថ្លែងតាមលិខិតដែលចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា៖«ក្នុងនាមក្រុមគ្រួសារ សសយក ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការស្ម័គ្រចិត្តរបស់សមាជិកទាំងអស់ ជាមួយឯកសណ្ឋាន សសយក ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទូទាំងប្រទេសនាពេលដ៏ខ្លីខាងមុខ។»

លោក ហ៊ុន ម៉ានី បន្តរៀបរាប់តាមរយៈលិខិតដដែលទៀតថា៖ ការស្ម័គ្រចិត្តចូលរួមប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងបេសកកម្មនៃការចូលរួមជួយចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ​ គឺជាការលះបង់ដែលមិនអាចកាត់ថ្លៃបាននូវសេចក្ដីសុខផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ជាតិ ជាពិសេសគឺក្នុងបុព្វហេតុការពារឱ្យបាននូវអាយុជីវិតប្រជាពលរដ្ឋកម្ពុជាពីជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ប្រធាន សសយក និងជាតំណាងរាស្ត្រវ័យក្មេងរូបនេះ បានបង្ហាញអារម្មណ៍រំភើបចំពោះសមាជិក សមាជិការបស់ខ្លួនថា៖«ខ្ញុំពិតជាមានមោទកភាពក្រៃលែង ពីព្រោះថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិត្រូវការយើងបំផុត ក្រុមគ្រួសារ សសយក តាមរយៈអ្នកទាំងអស់គ្នា បានក្លាយជាទ័ពអាវពណ៌ផ្ទៃមេឃដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។»

គួររំឭកដែរថា កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅ សម្ដេច ហ៊ុន សែន តាមរយៈសារជាសម្លេង បានបញ្ជាក់ថា៖ «កម្ពុជាគ្រោងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យមានសភាពកាន់តែអាក្រក់ជាងនេះ។ តាមការគ្រោងទុក ក្នុងរយៈពេលមួយខែ យើងនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបាន ១លានដូស។»៕

រូបភាព៖ Hun Many

ដោយ៖ ង៉ាយ ណៃ