ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទទួលបានពានរង្វាន់អតីតនិស្សិតដែលមានស្នាដៃឆ្នើម និងទទួលបានជោគជ័យក្នុងអាជីពការងារ ពីសាកលវិទ្យាល័យជុឡាឡុងកន
ពិធីប្រគល់ពានរង្វាន់អតីតនិស្សិតកិត្តិយស (Honorary Alumni Award) មហាវិទ្យាល័យអប់រំ ក្នុងឱកាសខួបលើកទី៦៧ នៃការបង្កើតមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន Chulalongkorn University ។
នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់អតីតនិស្សិតកិត្តិយស (Honorary Alumni Award) មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន ក្នុងឱកាសខួបលើកទី៦៧ នៃការបង្កើតមហាវិទ្យាល័យអប់រំ នៅសាកលវិទ្យាល័យជុឡាឡុងកន ក្នុងទីក្រុងបាងកក ប្រទេសថៃ។
យោងតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសពិធីខួបនៃការបង្កើតមហាវិទ្យាល័យអប់រំ សាកលវិទ្យាល័យតែងរៀបចំប្រគល់ពានរង្វាន់ទទួលស្គាល់ស្នាដៃរបស់អតីតនិស្សិត។ សម្រាប់ឆ្នាំ២០២៤ នេះ គណៈកម្មការជ្រើសរើសបានពិចារណាផ្តល់ពានរង្វាន់ចំនួន៣ប្រភេទ ដល់អតីតនិស្សិតដែលមានគុណសម្បត្តិសមស្របគឺ៖ ១)អតីតនិស្សិតដែលមានស្នាដៃឆ្នើម និងទទួលបានជោគជ័យក្នុងអាជីពការងារ, ២)អតីតនិស្សិតមានស្នាដៃឆ្នើម និងកេរ្តិ៍ឈ្មោះកម្រិតជាតិ និងអន្តរជាតិ, និង ៣)អតីតនិស្សិតបានបម្រើប្រយោជន៍ក្នុងវិស័យអប់រំដល់សង្គម និងប្រទេសជាតិ។
សម្រាប់ឆ្នាំ ២០២៤នេះ ពានរង្វាន់ប្រភេទ អតីតនិស្សិតដែលមានស្នាដៃឆ្នើម និងទទួលបានជោគជ័យក្នុងអាជីពការងារ ត្រូវបានប្រគល់ជូន: ១) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ២) បណ្ឌិត ហុង គឹមជាង និង ៣) បណ្ឌិត ប៉ិច សៀង។
គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរៀនចប់កម្មវិធីថ្នាក់បណ្ឌិតផ្នែកអប់រំ ពីឆ្នាំ ២០១៦ ដល់ ២០១៨ សាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។