|

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាអាយុពី១៦-១៨ ប្រមាណជាង១លាននាក់ ត្រូវបានរកឃើញថា មិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រើនៅឡើយ


រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាអាយុពី១៦-១៨ ប្រមាណជាង១លាននាក់ ត្រូវបានរកឃើញថា មិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រើនៅឡើយ បញ្ហានេះទាមទាឲ្យស្នងការនគរបាលរាជធានីខេត្ត ត្រូវខិតខំពន្លឿនលើការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបន្ថែមទៀត ព្រោះវាជាបញ្ហាសំខាន់។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះក្នុងឱកាសអញ្ជើជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៤នេះ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ នៅតាមបណ្តារាជធានីខេត្ត បានទទួលរថយន្តមួយគ្រឿងសម្រាប់ចល័តធ្វើអត្តសញ្ញាណបណ្ណ ហើយករណីនេះទទួលបានការគាំទ្រពីពលរដ្ឋច្រើន ប៉ុន្តែទោះជាយ៉ាងនេះក្តីនៅទូទាំងប្រទេស ពលរដ្ឋដែលមានអាយុចាប់ពី១៦ ដល់១៨ឆ្នាំ ប្រមាណរហូតដល់ជាង១លាននាក់ ត្រូវបានរកឃើញថា នៅមិនទាន់មានអត្តសញ្ញាណបណ្ណប្រើនៅឡើយ។ បញ្ហានេះ ឯកឧត្តមសុំទទូចឲ្យស្នងការរាជធានីខេត្តទាំងអស់យកចិត្តទុកដាក់ជំរុញទៅលើការធ្វើអត្តសញ្ញាណបណ្ណលើអ្នកដែលមាន និងអាចទទួលអត្តសញ្ញាណបណ្ណចាប់ពីអាយុ១៦ឆ្នាំឡើងទៅ ពីព្រោះកិច្ចការងារនេះពិតជាមានសារៈសំខាន់ណាស់។

ឯកឧត្តម ក៏បានបញ្ជាក់ថា នៅក្នុងចំនួនអ្នកមិនទាន់ទទួលអត្ថសញ្ញាណប័ណ្ណនេះ ក៏មានទិន្នន័យខ្មោចប្រមាណជាង២០ម៉ឺននាក់ដែរ ដោយក្នុងនោះមានអ្នកខ្លះបានចាកចេញពីប្រទេសកម្ពុជា ហើយមិនទាន់ត្រលប់មកវិញ។ ចំពោះទិន្នន័យនេះ ក្រសួងនឹងធ្វើការពិនិត្យសម្អាតឡើងវិញ ដើម្បីឲ្យមានភាពសុក្រឹត និងអាចពិនិត្យចែករំលែកខ្លះជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការគ្រប់គ្រងអត្តសញ្ញាណបណ្ណនេះ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប