ដំណើរឆ្ពោះទៅយកអាហារូបករណ៍ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (សាលាក្រហម)

ភ្នំពេញ៖ កាលពីដើមខែមករា ឆ្នាំ២០២០ កញ្ញា ឈី យន្តតី ត្រូវបានជ្រើសរើសឱ្យចូលរៀនថ្នាក់អាហារូបករណ៍ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS)។ កាលនោះ កញ្ញាមានក្ដីរំភើបរីករាយជាខ្លាំង ព្រោះវាជាក្ដីស្រមៃនិងជាការសន្យាជាមួយឪពុកម្ដាយក្នុងការប្រឡងយកអាហារូបករណ៍នៅទីនេះ។

នៅថ្ងៃទី១នៃដើមខែធ្នូ ឈី យន្តតី កំពុងរងចាំស្ដាប់អ្វីមួយសំខាន់ជាមួយក្រុមគ្រួសារនៅឯស្រុកកំណើតនាខេត្តកំពង់ចាម។ ដំណឹងដែលយន្តតីអត់ធ្មត់ទន្ទឹងចង់ដឹងនោះគឺការប្រកាសលទ្ធផលស្ដីពីការជ្រើសរើសនិស្សិតចូលរៀននៅសាលាពេទ្យដ៏ល្បីឈ្មោះមួយក្នុងប្រទេសកម្ពុជា។

នៅក្នុងបទសម្ភាសន៍មួយតាមរយៈតេឡេក្រាម ឈី យន្តតី វ័យ១៨ឆ្នាំ ជានិស្សិតម្នាក់ក្នុងចំណោម៣៥នាក់ ដែលជាប់អាហារូបករណ៍នៅ UHS ប្រាប់ BRANDMEDIA ថា៖«គ្រាន់តែឃើញឈ្មោះរបស់ខ្ញុំក្នុងបញ្ជីឈ្មោះនិស្សិតជាប់អាហារូបករណ៍នោះភ្លាម ខ្ញុំមានក្ដីត្រេកអរជាខ្លាំងស្ទើរនឹកស្មានមិនដល់ថាខ្លួនឯងអាចធ្វើបាន។ វាជាផ្លែផ្កាដែលបានមកពីការខិតខំប្រឹងប្រែងកន្លងមក ហើយក៏ជាកម្លាំងចិត្តសម្រាប់ដំណាក់កាលបន្ទាប់។ ម៉្យាងវិញទៀត នេះគឺជាការបំពេញតាមសន្យារវាងប៉ាម៉ាក់និងខ្ញុំ ថានឹងប្រឡងយកអាហារូបករណ៍នេះ ដើម្បីសម្រាលបន្ទុកពួកគាត់លើការបង់ថ្លៃសាលា។»

យន្តតីជាអតីតសិស្សនិទ្ទេស A មកពីខេត្តកំពង់ចាម។ នាងមានការតាំងចិត្តខ្ពស់ចំពោះការប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។​ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ នាងបានឡើងមកភ្នំពេញដើម្បីរៀនគួរត្រៀមមុនថ្ងៃប្រឡងមកដល់។

«ខ្ញុំបានរៀនគួរនៅសាលាឯកជនមួយដើម្បីប្រាកដថា​ខ្លួនឯងដឹងពីរបៀបរបបក្នុងការប្រឡងច្បាស់ ដឹងពីរបៀបក្នុងការសរសេរដើម្បីទាក់ទាញគណៈមេប្រយោគ និងរៀនធ្វើលំហាត់ដែលធ្លាប់ចេញប្រឡងកាលពីឆ្នាំមុនៗ។»

យន្តតីរំឭកថា ការប្រឡងចូលរៀន ជាទូទៅមានមុខវិជ្ជាគោលសំខាន់ៗចំនួនបីគឺ គណិតវិទ្យា ជីវៈ និងគីមីវិទ្យា។ បេក្ខជនប្រឡងទាំងអស់ត្រូវច្បាស់លើមុខវិជ្ជាទាំងអស់នេះទើបអាចប្រឡងចូលរៀននៅសាលានោះបាន។

ក៏ប៉ុន្តែសម្រាប់យន្តតី មុខវិជ្ជាវិទ្យាសាស្ត្រដែលរៀបរាប់ខាងលើនេះ ពុំបានចោទជាបញ្ហាសម្រាប់នាងប៉ុន្មានឡើយ។

«រាល់លំហាត់ដែលចេញប្រឡងសុទ្ធតែដកស្រង់ចេញពីសៀវភៅសិក្សាគោលថ្នាក់ទី១២ ដូច្នេះហើយវាមិនសូវមានការលំបាកសម្រាប់ខ្ញុំប៉ុន្មានទេ ព្រោះខ្ញុំមានទំនោរទៅរកមុខវិជ្ជាទាំងអស់នោះស្រាប់។»

យន្តតីបានរៀបរាប់ថា នាងមានចិត្តស្រលាញ់លើផ្នែកសុខាភិបាលនេះតាំងពីថ្នាក់វិទ្យាល័យមកម៉្លេះ។ នាងចំណាយពេលច្រើនធ្វើស្វ័យសិក្សាទៅលើអ្វីដែលនាងគិតថាអាចមានប្រយោជន៍ ក្នុងការប្រឡងប្រកួតប្រជែងដណ្ដើមយកអាហារូបករណ៍។

ការខិតខំប្រឹងប្រែង ក្ដីស្រលាញ់ និងការគាំទ្រពីក្រុមគ្រួសារជាពិសេសឪពុកម្ដាយ បានជំរុញឱ្យនាងអាចដណ្ដើមយកអាហារូបករណ៍១០០% បានដោយជោគជ័យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឬ ភាគច្រើនស្គាល់ថាសាលាក្រហម។

ឈី យន្តតី បច្ចុប្បន្នជានិស្សិតឆ្នាំទីពីរ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ដោយសារ ជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង នាងមិនអាចរៀនក្នុងថ្នាក់បានជាធម្មតានោះទេ តែត្រូវជំនួសមកវិញនូវការរៀនអនឡាញ។

«ខ្ញុំសង្ឃឹមថា ក្រោយបញ្ចប់ការសិក្សារយៈពេល៨ឆ្នាំ ខ្ញុំនឹងអាចមានវិជ្ជាជីវៈមួយច្បាស់លាស់ អាចចូលរួមបម្រើការងារជាគ្រូពេទ្យដែលមានក្រមសីលធម៌ខ្ពស់ និងជាទីពឹងរបស់មនុស្សគ្រប់រូប។»៕

ដោយ៖ ង៉ាយ ណៃ