|

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការក្នុងការសង់ផ្លូវសម្រាប់អ្នកជិះកង់ ដែលតភ្ជាប់ពីខេត្តកែបទៅដល់កោះកុងតាមឆ្នេរសមុទ្រ


នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាកំពុងតំឡើងផែនការក្នុងការសាងសង់ផ្លូវសម្រាប់អ្ននជិះកង់ដែលតភ្ជាប់ពីខេត្តកែប ទៅដល់ខេត្តកោះកុងតាមឆ្នេរសមុទ្រ ដែលជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្ដេច បានគូសបញ្ជាក់ថា ការកសាងផ្លូវនេះ គឺដើម្បីសម្រួលការធ្វើដំណើរ ក៏ដូចជាឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចដើរ ឬជិះកង់ហាត់ប្រាណបាន ដែលជាចំណែកមួយនៃការគិតគូដល់សុខភាពប្រជាពលរដ្ឋផ្សារភ្ជាប់ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ ការគិតគូក្នុងការកសាងផ្លូវនេះ ក៏ដើម្បីពង្រីកសក្ដានុពលក្នុងខេត្តកំពត អ្នកទាញទេសចរ និងវិនិយោគិនកាន់តែច្រើនផងដែរ។

គួរបញ្ជាក់ថា កំពង់ផែពហុបំណងកំពតដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកនេះ មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់លិខិតអនុញ្ញាត ឱ្យធ្វើការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំ សរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។

រូបភាព៖ AKP