ការគ្រប់គ្រងកូវីដ-១៩ បង្ហាញពីការទទួលខុសត្រូវ និងភាពចាស់ទុំនយោបាយរបស់កម្ពុជា
រដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើបានល្អ ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលកំពុងគម្រាមកំហែងសុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងស្ថានការណ៍ជាក់ស្ដែង ពិសេសព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ត្រូវបានគេមើលឃើញថា បានយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់លើការរស់នៅរបស់ពលរដ្ឋតាមមូលដ្ឋាន។ គិតចាប់ពីមានវត្តមានកូវីដ-១៩ ដំបូង រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ជាង១ពាន់លានដុល្លាររួចទៅហើយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។
ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា៖«រដ្ឋាភិបាលកម្ពុជាបានកំណត់នូវមុខសញ្ញា និងដាក់ចេញនូវវិធានការជាច្រើន ក្នុងការចំណាយថវិការរដ្ឋចំនួន ១១៦០ដុល្លារ ក្នុងឆ្នាំ២០២០។ ក្នុងនោះមានការចំណាយលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការចំណាយដើម្បីជួយដល់អ្នកវិនិយោគ សហគ្រាសធុនតូច និងមធ្យម សហគ្រាសអភិវឌ្ឈន៍ជនបទ និងកសិកម្ម។»
ក្រៅពីទំនុកបម្រុងពលរដ្ឋ និងអាជីវកម្មដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានសម្រួលការលំបាកដល់អ្នកពាក់ព័ន្ធ ឬឆ្លងកូវីដ តាមរយៈការផ្ដល់កន្លែងធ្វើចត្តាឡីស័កដោយមិនគិតប្រាក់ ការឧបត្ថម្ភថវិការបន្ថែមដល់អ្នកដែលបាន និងកំពុងធ្វើចត្តាឡីស័ក និងការឆ្លើយតបបានយ៉ាងឆាបរហ័សទៅនឹងស្ថានការ ទាក់ទងនឹងការកំណត់មុខសញ្ញាអ្នកជំងឺ អ្នកប៉ះពាល់ផ្ទល់ និងប្រយោល ។ល។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងកូវីដ-១៩ ឱ្យកាន់តែប្រសើរ កម្ពុជាបានសម្រេចអនុម័តច្បាប់ស្ដីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត»។ បន្ថែមពីនេះ រដ្ឋាភិបាលមានមានគោលនយោបាយច្បាស់លាស់ ក្នុងការកំណត់មុខសញ្ញានៃការចាក់វ៉ាក់សាំងដ៏ត្រឹមត្រូវ ពោលគឺផ្ដល់អាទិភាពមុនគេដល់ជួរកងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកដែលងាយរងគ្រោះចាស់ៗ ថ្នាក់ដឹកនាំសំខាន់ៗ អ្នកសារព័ត៌មាន និងអ្នកប្រមូលសម្រាមជាដើម។
ទន្ទឹមនឹងនេះ ដោយសារនយោបាយបរទេសល្អរបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចទទួលបានជំនួយវ៉ាក់សាំងមុនគេ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសផ្សេងទៀត ទាំងក្នុងតំបន់ និងពិភពលោក។ បើតាមរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ វ៉ាក់សាំងដែលទទួលបាននោះ មិនត្រឹមតែចាក់ជូនប្រជាពលរដ្ឋមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ចាក់ជូនដោយមិនគិតថ្លៃដល់បណ្ដានិវេសនដ្ឋានបរទេស អង្គទូត ជនបរទេសនិងក្រុមគ្រួសារដែលរស់នៅកម្ពុជាទៀតផង។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាបានបញ្ជាទិញនូវវ៉ាក់សាំងជាបន្តបន្ទាប់ដោយមិនគិតថាប្រទេសណាដែលក្នុងនោះរួមមានវ៉ាក់សាំងចិន វ៉ាក់សាំងអង់គ្លេសនិងឥណ្ឌា វ៉ាក់សាំងអាមេរិក ដែលនេះឆ្លុះបញ្ជាំងពីការមិនប្រកាន់និន្នាការបរទេស ហើយក៏ជាជម្រើសល្អសម្រាប់ជនរួមជាតិកម្ពុជា៕
ដោយ៖ ង៉ាយ ណៃ