|

អបអរសាទរ! ថ្នាល verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ ក្នុងការប្រកួតកម្រិតពិភពលោក


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា “ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh” ដែលអភិវឌ្ឍដោយ ក.ប.ទ. ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង “កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024” កម្រិតពិភពលោក ដែលរៀបចំនៅក្នុង វេទិកា World Summit on the Information Society (WSIS)+20 Forum High-Level Event 2024 នៅក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ហើយមានប្រព័ន្ធឌីជីថលពីបណ្តាប្រទេសជុំវិញពិភពលោកចូលរួមប្រកួត សរុបចំនួន ៥០។

ជាលទ្ធផល ថ្នាល verify.gov.kh ត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រជាមួយប្រព័ន្ធឌីជីថលចំនួន ៨ ទៀត ហើយទទួលបានពិន្ទុនៅ លំដាប់ទី២ បន្ទាប់ពី ថ្នាល UgPass របស់ប្រទេសអ៊ូហ្កង់ដា ដែលជាថ្នាលអត្តសញ្ញាណឌីជីថលនិងហត្ថលេខាអេឡិចត្រូនិក។ ថ្នាល verify.gov.kh ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់កម្រិតអន្តរជាតិ ជាលើកទី២។ ថ្នាលនេះ បានឈ្នះ មេដាយមាស សម្រាប់សេវាសាធារណៈ ក្នុងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលល្អជាងគេក្នុងតំបន់។

វេទិកា WSIS+20 នេះ ត្រូវបានរៀបចំរួមគ្នាដោយស្ថាប័នជំនាញ ៤ របស់អង្គការសហប្រជាជាតិ គឺ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការយូណេស្កូ (UNESCO) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហការឌីជីថលរបស់សកលលោក ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ។ វេទិកានេះ មានការចូលរួមពីប្រតិភូជាន់ខ្ពស់ប្រមាណ ៥០០ រូប មកពីអង្គការជាដៃគូរបស់អង្គការសហប្រជាជាតិប្រមាណ ៤០ និងប្រទេសប្រមាណ ១៦០ ប្រទេស ក្នុងនោះ មានអ្នកចូលរួមប្រមាណ ៨០ រូប ជារដ្ឋមន្ត្រី និងជាប្រធាននិយ័តករនៃវិស័យឌីជីថល។ ចំណែក កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital Service Design 2024 ត្រូវបានរៀបចំឡើងដោយ ITU និងអង្គការដៃគូ ដើម្បីទទួលស្គាល់សេវារដ្ឋាភិបាលឌីជីថលលំដាប់ខ្ពស់ក្នុងពិភពលោក ដែលត្រូវបានរៀបចំឡើងដោយគិតគូរអំពីតម្រូវការរបស់ប្រជាជន ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្អែកលើអភិក្រមហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល។

ប្រព័ន្ធទាំង ៩ ដែលត្រូវបានជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រពីក្នុងចំណោមប្រព័ន្ធ ៥០ ជុំវិញពិភពលោក រួមទាំងថ្នាល verify.gov.kh របស់កម្ពុជា គឺសុទ្ធតែបានគោរពតាមគោលការណ៍សំខាន់ៗ ៧ ក្នុងការអភិវឌ្ឍ គឺ (១) ដើម្បីប្រយោជន៍ប្រជាពលរដ្ឋ (២) ធន់នឹងការវាយប្រហារពីចោរបច្ចេកវិទ្យា (៣) ងាយស្រួលប្រើប្រាស់ (៤) មានភាពបត់បែនតាមតម្រូវការនៃការប្រើប្រាស់ (៥) អាចដំណើរការបានដោយពុំមានលក្ខខណ្ឌតម្រូវស្មុគស្មាញផ្នែកបច្ចេកទេស (៦) ងាយស្រួលទំនាក់ទំនងជាមួយប្រព័ន្ធផ្សេងៗ និង (៧) មានចីរភាព។ នៅក្នុងចំណោមប្រព័ន្ធទាំង ៩ ដែលបានជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ ក៏មានប្រព័ន្ធធំៗលើពិភពលោក ដូចជា ប្រព័ន្ធ DigiLocker របស់ប្រទេសឥណ្ឌា ដែលជាទូផ្ទុកឯកសារឌីជីថលសំខាន់ៗសម្រាប់ប្រជាជន ហើយមានអ្នកប្រើប្រាស់រហូតដល់ ២៣៦ លាននាក់ និងប្រព័ន្ធ SATUSEHAT របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យក្នុងវិស័យសុខាភិបាល ដែលមានការទាញយក (Download) កម្មវិធីទូរសព្ទចំនួន ៥៥ លានដង។

បន្ថែមលើលក្ខខណ្ឌទាំងអស់នេះ ថ្នាល verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ ក្នុងការប្រកួតកម្រិតពិភពលោកនេះបាន ដោយសារលក្ខណៈពិសេសបន្ថែមដូចខាងក្រោម៖

  • អាចផ្សារភ្ជាប់រវាងឯកសារក្នុងទម្រង់ជាក្រដាសនិងពិភពឌីជីថលដោយសុវត្ថិភាព ដែលធ្វើឱ្យឯកសារដែលមានដាក់បញ្ចូល ឃ្យូ.អ.កូដ ស្តង់ដារបស់ថ្នាល verify.gov.kh មានតម្លៃប្រើប្រាស់ជាផ្លូវការបានទាំងក្នុងប្រទេស និងឆ្លងប្រទេសជាមួយស្ថាប័នដៃគូ
  • អាចរៀបចំប្រព័ន្ធដូចគ្នានៅប្រទេសផ្សេងបានដោយងាយស្រួលនិងឆាប់រហ័ស
  • ប្រព័ន្ធ verify.gov របស់ប្រទេសនានាដែលចម្លងពីកម្ពុជា អាចទំនាក់ទំនងគ្នាឆ្លងប្រទេសបាន
  • អាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពីប្រទេសមួយទៅប្រទេសមួយទៀតកាន់តែងាយស្រួល តាមរយៈការដាក់ឱ្យប្រើប្រាស់បន្ថែមនូវកម្មវិធី Universal Verify App នៅក្នុងពេលអនាគត។

ថ្នាល verify.gov.kh នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈ និងបង្កើនជំនឿទុកចិត្តនិងផ្តល់ភាពកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវទទួលសេវាសាធារណៈពីរាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ផ្ទៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ ឯកសារមានជាអាទិ៍ អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត សញ្ញាបត្រ បណ្ណសម្គាល់ខ្លួន និងឯកសារផ្សេងៗទៀត ដែលមានដាក់បញ្ចូលឃ្យូ.អ.កូដ ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh គឺអាចយកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ការដាក់ឱ្យប្រើថ្នាល verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយចំណាយ និងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល។

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍