CDC៖ WHO ថាគ្មានហេតុផលអ្វីត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-១៩ AstraZeneca ទេ
បើទោះបីជាបណ្តាប្រទេសនៅតំបន់អឺរ៉ុបរួមទាំងប្រទេសថៃជាប្រទេសជិតខាងកម្ពុជាផងនោះ បានប្រកាសផ្អាកការចាក់វ៉ាក់សាំង AstraZeneca ក៏ដោយ កាលពីថ្ងៃទី១២ ខែមីនាម្សិលមិញ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងហៅកាត់ CDC នៃព្រះរាជាកម្ពុជាបានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា៖
“នាថ្ងៃសុក្រ ១២ មីនា អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-១៩ របស់ក្រុមហ៊ុន AstraZeneca ទេ ។”
ប្រភពដដែលបន្តថា៖ “អង្គការសុខភាពពិភពលោក (WHO) ក៏បានបញ្ជាក់ទៀតថា៖ គណៈកម្មាធិការប្រឹក្សាថ្នាំបង្ការរបស់ខ្លួនបានពិនិត្យមើលទិន្នន័យសុវត្ថិភាព ហើយបានរកឃើញថាគ្មានការពាក់ព័ន្ធរវាងការវ៉ាក់សាំងនិងការកកឈាមក្នុងសសៃឈាមនោះទេ។”
ក្រឡេកទៅមើលប្រទេសអង់គ្លេស បារាំង កាណាដា និង អូស្រ្តាលីជាដើម ពួកគេនៅតែប្រកាសបន្តចាក់វ៉ាក់សាំង AstraZeneca ដោយហេតុថាពួកគេមិនបានរកឃើញមានករណីផលរមាស់ ដោយសារវ៉ាក់សាំង AstraZeneca នៅក្នុងប្រទេសរបស់ពួកគេនៅឡើយទេ៕
រូបភាព៖ The Japan times, NBC News