|

ក្រសួងអប់រំ ដាក់ចេញនូវអភិក្រមថ្មី “អភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ” រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ


នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពី នាយកអង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល មន្ត្រីពាក់ព័ន្ធ ក្រោមឱវាទក្រសួង។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ដែលបានចូលរួមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាកន្លងមក ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៥២ រៀងមក។ ចាប់ពីឆ្នាំ ២០១៨ អង្គការយូនីសេហ្វ បានអនុវត្តគម្រោងធំៗ ចំនួន២ រួមមាន៖ ១). គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និង ២). គម្រោងកិច្ចការពារកុមារ ដែលគម្រោងទាំងពីរនេះបានបង្កើតជាសមិទ្ធផលជាច្រើន ក្នុងការគាំទ្រ និងការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គម្រោងទាំងពីរនេះ បានផ្តល់ជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវអភិក្រមថ្មីគឺ អភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាកិច្ចសហប្រតិបត្តិការថ្មីមួយទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៨ ។

ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ការដាក់ចេញនូវអភិក្រមថ្មី ដែលហៅថា “អភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ” រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ពិតជាឆ្លើយតបតាមកាលៈទេសៈជាក់ស្តែង ព្រមទាំងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការលើកកម្ពស់ជីវភាព សុខភាព សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី កុមារ យុវជន ជនក្រីក្រ ចាស់ជរា ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត ដែលរួមចំណែកក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើគោលការណ៍ “មិនទុកចោល នរណាម្នាក់ក្រៅពីរង្វង់នៃការអភិវឌ្ឍន៍”។

ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តបន្ត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវចំណុចមួយចំនួនដូចជា ៖

(១). ស្នើឱ្យក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ផ្តល់នូវកិច្ចសហការឱ្យបានស្អិតរមួតនៅក្នុងការអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ នៅក្នុងការលើកកម្ពស់អភិបាលកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ និងការអនុវត្តផែនការរំកិលរយៈពេល ២ ឆ្នាំ (២០២៤-២០២៥) ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ យូនីសេហ្វ ឆ្នាំ២០២៤-២០២៨។

(២). នៅក្នុងការអនុវត្តនូវអភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិថ្មី ក្រសួងមហាផ្ទៃ និងអង្គការ យូនីសេហ្វ នឹងរៀបចំសម្របសម្រួលកិច្ចសន្ទនាគោលនយោបាយប្រចាំឆ្នាំរវាងអភិបាល នៃខេត្តគោលដៅ ជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ដើម្បីលើកទឹកចិត្តឱ្យមានការពិភាក្សាឱ្យបានផុសផុល ក្នុងកិច្ចសន្ទនាគោលនយោបាយ ប្រចាំឆ្នាំ និងបង្កើតដំណោះស្រាយជាក់ស្តែង ក្នុងការកែលម្អសមត្ថភាព និងការពង្រឹង ប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ។

(៣). ឯកឧត្តមអភិបាល និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវក្តាប់ឱ្យបាននូវគម្លាតចំណេះដឹង សមត្ថភាព និងធនធានដែលត្រូវការ សម្រាប់ការគ្រប់គ្រង និងការអនុវត្តមុខងារដែលក្រសួង ស្ថាប័នថ្នាក់ជាតិបានផ្ទេរជូន។

(៤). រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការគ្រប់គ្រងធនធានហិរញ្ញវត្ថុដែលបានផ្ទេរ ឱ្យមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។

(៥). សូមបន្តយកចិត្តទុកដាក់ក្នុងការបង្កើនការចូលរួមនៅថ្នាក់ក្រោមជាតិ និងកិច្ចសហការ ជាមួយអង្គការយូនីសេហ្វក្នុងភាពជាដៃគូ ដើម្បីជាសក្ខីភាព និងការប្ដេជ្ញាដ៏មោះមុត របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិចម្បងៗរបស់កុមារ រួមមាន សិទ្ធិរស់រាន មានជីវិត សិទ្ធិទទួលបានការអភិវឌ្ឍ សិទ្ធិក្នុងការការពារ និងសិទ្ធិក្នុងការចូលរួម។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រ និងផ្តល់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលយ៉ាងពេញទំហឹង ក្នុងការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ដើម្បីលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនឹងត្រូវអនុវត្តក្រោមកម្មវិធីសហប្រតិបត្តិការថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វក្នុងឆ្នាំ ២០២៤- ២០២៨៕

ប្រភព៖ MoEYS