មកស្គាល់អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ដែលជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ចំណាត់ថ្នាក់លេខ២ ឆ្នាំ២០២៣
អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតនៅក្នុងវត្តព្រះឥន្ទកោសា មានផ្ទៃដីសរុប ៥២៥៣ម៉ែត្រការ៉េ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨៤ កាលនោះមាន អគារសិក្សាតែ០១ខ្នង និង០៣បន្ទប់ មានគ្រូចំនួន០៥នាក់ សិស្ស១៨០នាក់ តែប៉ុណ្ណោះ។ ក្នុងឆ្នាំសិក្សាថ្មីនេះ សាលាមានអាគារសិក្សា ៤ខ្នង ស្មើ១៩បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង មានគ្រូ៥៧នាក់ ស្រី៣៤នាក់ និងសិស្សសរុប៨០១នាក់ ស្រី៤២៦នាក់ ស្មើនឹង១៩ថ្នាក់។
បន្ទាប់ពីមានការរីកចម្រើនពីមួយថ្ងៃទៅមួយ និងកំណើនសិស្សមានការកើនឡើង សាលាបានកំណត់នូវចក្ខុវិស័យកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹងរឹងមាំប្រកបដោយសមត្ថភាព គុណភាព និងប្រសិទ្ធភាព ស្របតាមតម្រូវការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងចតុស្តម្ភអប់រំគឺ “អប់រំឱ្យមានចំណេះដឹង អប់រំឱ្យមានចំណេះធ្វើ អប់រំឱ្យមានឥរិយាបថល្អ អប់រំឱ្យចេះរួមរស់នៅជាមួយគ្នា”។ បន្ថែមពីនោះសាលាក៏បានកំណត់បេសកកម្មចំនួន ៩ចំណុច រួមមាន៖ ១. លើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងការគ្រប់គ្រងថវិកា, ២. ជំរុញការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន និងបច្ចេកវិទ្យា, ៣. បង្កើនការយកចិត្តទុកដាក់តាមដានការសិក្សា និងផ្តល់ចំណេះដឹងដល់សិស្ស, ៤. កាត់បន្ថយអត្រាសិស្សត្រួតថ្នាក់ និងបោះបង់ការសិក្សា, ៥. ពង្រឹងវិន័យ សីលធម៌ និងការប្រាស្រ័យទាក់ទងរវាងគ្រូ និងសិស្ស, ៦. ពង្រឹងក្លឹបសិក្សា និងផ្នែកបំណិនជីវិតងាយៗដល់សិស្ស, ៧. ថែទាំ និងជួសជុល តុ កៅអី បន្ទប់ អគារសិក្សា, ៨. លើកទឹកចិត្តគ្រូ-សិស្ស មានស្នាដៃល្អ ៩. សហការល្អជាមួយសហគមន៍ និងអាជ្ញាធរដែនដី ក្នុងវិស័យអប់រំ។
ក្នុងឆ្នាំ២០២៣ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដែលបានដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាល។ មិនខុសពីអង្គភាពផ្សេងៗទៀតនោះទេ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន៨ ប្រកបដោយ សុក្រឹត្យភាព តម្លាភាព និងសមិទ្ធិកម្ម។ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ក៏ត្រូវឆ្លងកាត់ការវាយតម្លៃទាំងថ្នាក់ក្រោមជាតិ រហូតឈានដល់ការវាយតម្លៃដោយគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ជាលទ្ធផល អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានកិត្តិយសទទួលជ័យលាភីចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ហើយត្រូវបានប្រកាសទទួសស្គាល់នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីដ៏រីករាយ និងមានឥទ្ធិពលដល់ការផ្លាស់ប្តូរមុខមាត់នេះ កើតចេញមកពីមានការផ្តួចផ្តើមគំនិត និងការដឹកនាំដ៏ប៉ិនប្រសព្វ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ខិតសាលារៀន ឱ្យកាន់តែជិតនឹងប្រជាពលរដ្ឋ។
ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយក្នុងនោះមានមុំ១ ការអភិវឌ្ឍធនធានមនុស្ស គឺការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពបង្រៀន និងរៀន និងបង្កើនការជួយសិស្សរៀនយឺត សិស្សក្រីក្រ កាត់បន្ថយអត្រាសិស្សបោះបង់ និងត្រួតថ្នាក់ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើឱ្យសម្រេចបានលទ្ធផលឆ្លើយតបទៅនឹងគោលនយោបាយអប់រំ។ ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាលអាណត្តិថ្មី បានបន្តកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ចំនួនពីរវិស័យជាអាទិភាពគឺ៖ វិស័យសុខាភិបាល និងវិស័យអប់រំ ដោយមានក្រសួងមុខងារសាធារណៈ ទទួលបន្ទុកដឹកនាំរៀបចំ៕
ប្រភព៖ ក្រសួងមុខងារសាធារណៈ