ភ្នំគូលែន ជាទីតាំងលេចធ្លោរក្នុងឧទ្យានអង្គរ


ស្ថិតនៅចម្ងាយប្រមាណ៤៨គីឡូម៉ែត្រពីក្រុងសៀមរាប ភ្នំគូលែនត្រូវបានប្រជាពលរដ្ឋកម្ពុជាស្គាល់ និងចាត់ទុកថាជាទីតាំងសម្រាប់ធ្វើពិធីសក្ការៈបូជាផ្សេងៗ គិតចាប់ពីសតវត្សរ៍ទី៩មក។ សៀវភៅប្រវត្តិសាស្រ្តកម្ពុជា ចងក្រងដោយប្រវត្តិវិទូអាមេរិក ដេវីដ ឆេនល័រ រៀបរាប់ថា ក្រៅពីសារៈសំខាន់ក្នុងការរៀបចំពិធីបែបសាសនា ភ្នំគូលែន គឺជាតំបន់ដែលមានធនធានធម្មជាតិច្រើនសម្បូរបែប ដែលអាចបម្រើឱ្យវិស័យទេសចរណ៍នៅតំបន់នេះនិយាយដោយឡែក និងខេត្តសៀមរាបទាំងមូលនិយាយជារួម។

យោងតាមការចុះផ្សាយរបស់ UNDP Cambodia Exposure  ភ្នំគូលែនជាប្រភព ទឹកដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិតសត្វគ្រប់ប្រភេទរស់នៅអាស្រ័យជីវិតនៅតំបន់នោះ  ហើយខ្សែបណ្ដាញទឹកក្រោមដីក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ លំនឹងនៃបរិវេណប្រាសាទអង្គរវត្តឱ្យឈររឹងមាំ។ បើនិយាយជារួម ប្រភពទឹកដែលធ្លាក់ចេញពីភ្នំគូលែន ជាធនធានមួយផ្នែកសម្រាប់ ទ្រទ្រង់ការរស់នៅរបស់ប្រជាជននៅតំបន់មួយចំនួនក្នុងខេត្តសៀមរាប។

អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយវិញទៀតនោះ ភ្នំគូលែនក៏ជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃរាប់សិបប្រភេទរស់នៅ ដោយមានព្រៃឈើក្រាស់ខ្មឹកជាផ្ទះដ៏កក់ក្ដៅ។ ដោយលក្ខខណ្ឌអំណោយផលទាំងអស់នេះហើយ ទើបភ្នំគូលែនត្រូវបានដាក់បញ្ចូលជាតំបន់ឧទ្យានជាតិនៅឆ្នាំ១៩៩៣។

ក្រៅតែជាប្រភពទឹក ភ្នំគូលែនក៏ជាកន្លែងកសិកម្មថ្មីរបស់សហគមន៍ដែលរស់នៅទីនោះ ដែលចាប់កកើតឡើង នៅដើមឆ្នាំ ២០០០។ ទីធ្លាចំការលាតសន្ធឹងរាប់ហិកតាទាំងនោះហើយ ដែលជាដង្ហើម សេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេ។

ដងព្រៃខៀវស្រងាត់ អមដោយដើមឈើខ្ពស់ៗ និងមានអាយុកាលរាប់ទស្សវត្សរ៍ថែមទាំងបានគ្របដណ្ដប់ ប្រាសាទបុរាណ​ និងរូបចម្លាក់សាសនាសរុបជាង៥០ដែលបង្កើតលក្ខណៈពិសេសដល់តំបន់មួយនេះឱ្យ កាន់តែគួរឲ្យចាប់អារម្មណ៍។

ភ្នំគូលែនគឺជាអតីតរាជធានីមួយរបស់ខ្មែរក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី២ នៅកំឡុងឆ្នាំ ៨០០ ទៅ ៩០០ នៃគ.ស និងជាទីក្រុងដ៏រុងរឿងមួយដែលព្រះមហាក្សត្របានធ្វើពិធីសាសនាផ្សេងៗ ដូចជាដង្ហែរព្រះសិវៈលឹង្គ ដើម្បីជាការបន្ថែមអំណាច របស់ខ្លួនដែលដើរតួជាស្ដេចផង និងជាអទិទេពផង។ ក្រោយមក ក៏មានការដូររាជធានីចុះមកនៅត្រឹមក្រុងអង្គរ ដែលជាអង្គរវត្តសព្វថ្ងៃ៕

រូបភាព៖ UN Cambodia Exposure

ដោយ៖សាន ស្រីនិច

កែសម្រួល៖ ង៉ាយ ណៃ