|

ក្រសួងមុខងារសាធារណៈរបស់កម្ពុជា និងក្រសួងបុគ្គលិកទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍នៃសាធារណៈរដ្ឋឥណ្ឌា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ


ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិកសារទុក្ខសាធារណៈ និងសោធននិវត្តន៍នៃសាធារណៈរដ្ឋឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ។ ពិធីចុះអនុស្សរណៈនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវបណ្ឌិត Devyani Uttam Khobragrade ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។

ពិធីចុះអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងនេះ ធ្វើឡើងដើម្បីជំរុញទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៅកម្ពុជា លើសពីការផ្លាស់ប្តូរចំណេះដឹង អនុស្សរណៈនេះផ្តោតលើការរៀនសូត្រទៅវិញទៅមក ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងមុខងារស៊ីវិល ដែលអាចរួមចំណែកដល់ការកែលម្អអភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយក្នុងប្រទេសទាំងពីរ។ អនុស្សរណៈនៃការយោគយល់គ្នានេះសង្កត់ធ្ងន់លើការអនុវត្តជាក់ស្តែង និងធ្វើជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្នុងវិស័យសេវាកម្មស៊ីវិល។

សូមជម្រាបថា៖ ក្រសួងមុខងារសាធារណៈ បានសហការការងារជាមួយស្ថានទូតឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីនៃសាធារណៈរដ្ឋឥណ្ឌា ចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់វិស័យមុខងារសាធារណៈ នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។