សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ជាកន្លែងពិពរណ៍នូវផ្នូរសពបុរាណ ឆ្អឹងមនុស្សសម័យបុរាណ និងបដិមាជាច្រើន
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាទីប្រមូលផ្ដុំវត្ថុបុរាណគ្រប់ប្រភេទ សម្រាប់ពលរដ្ឋខ្មែរទូទៅអាចសិក្សាស្វែងយល់ស៊ីជម្រៅផ្នែកប្រវត្តិសាស្រ្ត។ សារមន្ទីរនេះមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិពរណ៍អចិន្ត្រៃយ៍ចំនួន៣ ភាគច្រើន ជាលទ្ធផលដែលបានមកពីការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ បើតាមអាជ្ញាធរជាតិអប្សរា ពិពរណ៍វត្ថុបុរាណទាំងនេះនឹងផ្ដល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
មានទីតាំងនៅទឹកដីអង្គរ សារមន្ទីរព្រះនរោត្តមសីហនុ មិនត្រឹមតែជាទីកន្លែងពិព៍ណ៍នូវកុលាបភោជន៍ ផ្នូរសពបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ រួមទាំងបដិមាច្រើនសម្រាប់ទស្សនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងប្រមូលផ្ដុំនូវចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរនាសម័យបុរាណ។ នេះបើតាមការលើកឡើងនៅក្នុងសំណេររបស់អាជ្ញាធរជាតិអប្សរា។
លោក ប៉ែន ចំរ៉ុង នាយកស្ដីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ លើកឡើងថា៖«អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងដ៏កម្រ តាមរយៈការចូលមកទស្សនាពិពរណ៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ ជាពិសេសសម្រាប់យុវជនខ្មែរ ដែលចំណេះដឹងទាំងនេះមានតម្លៃជាទីបំផុត។»
លោកបន្តថា៖«យុវជនជាសសរទ្រូងរបស់ប្រទេសជាតិ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងចូលរួមក្នុងកិច្ចថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។ ដូច្នេះសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់គ្រឺះស្ថានអប់រំផ្សេងៗដឹកនាំសិស្សានុសិស្សឱ្យមកធ្វើទស្សនាកិច្ចសិក្សាស្វែងយល់ពីតួនាទីរបស់សារមន្ទីរ និងបានឃើញវត្ថុបុរាណផ្ទាល់ភ្នែក។»
នាយកស្ដីទីដដែលបានបញ្ជាក់ទៀតថា ពលរដ្ឋ និងសប្បុរសជនបានចូលរួមផ្ដល់នូវបុរាណវត្ថុដូចជា បដិមា និងកុលាភាជន៍មកសារមន្ទីរជាហូរហែរ ក្រោយមានការអប់រំបេតិកភណ្ឌបានទូលំទូលាយ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
រូបភាព៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ដោយ៖ ង៉ាយ ណៃ