រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ពលរដ្ឋគ្រប់រូបជួយទិញផលិតផលខ្មែរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ស្មារតីជាតិនិយម
តាមរយៈសារលិខិតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ០៩ មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១ សម្ដេចបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និងលើកទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ ជួយទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម។
ជាមួយគ្នានេះដែរ សម្ដេចបានស្នើសូមឱ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែកឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិកាជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរ ផលិតផលភូមិ១ ផលិតផល១ ឱ្យកាន់តែមានភាពសម្បូរបែប និងមានសក្ដានុពលពាណិជ្ជកម្មទាំងទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចជា៖
ទី១- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្ដុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើក កម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។
ទី២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍ ផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។
ទី៣-គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តខិតខំសហការជាមួយគណៈ កម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពល នានាជាផលិតផលភូមិ១ផលិតផល១ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបាន ទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួង ពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ដើម្បីរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ នៅតាមទីកន្លែងដែលមាន សក្តានុពល ឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ។