|

ការប្រឡងថ្នាក់ជាតិបញ្ចប់ថ្នាក់បឋមសិក្សារបស់សិង្ហបុរី តើអ្វីទៅជាការយល់ឃើញរបស់អាណាព្យាបាល និងសិស្សានុសិស្ស?


នៅពេលដែលកូនរបស់គាត់កំពុងរៀនថ្នាក់ទី៦ ក្នុងបឋមសិក្សាឆ្នាំមុន លោកស្រីAngela Ong បានជួយរៀបចំ និងត្រៀមខ្លួនយ៉ាងសកម្មដល់កូនរបស់គាត់នៅអំឡុងខែមិថុនា ដែលជាអំឡុងពេលវិស្សមកាលពីការសិក្សា។ យុវសិស្សសិង្ហបុរីម្នាក់ ដែលមានអាយុ១២ឆ្នាំ បានលើកឡើងថា បើសិនជាគេមិនមានការងារដែលសាលាដាក់ឲ្យធ្វើទេ គេនៅមានការងាររៀនគួរបំប៉នបន្ថែម ឬក៏ជាការងារក្នុងសៀវភៅដែលត្រូវបានគ្រូវាយតម្លៃបន្ថែមទៀត។

បន្តែមិនមានតែយុវសិស្សខាងលើមួយរូបនេះទេដែលកំពុងរវល់នឹការសិក្សា ឪពុក ម្តាយសិស្សខ្លះទៀតបានលើកឡើងថា ដើម្បីជួយកូនៗរបស់គេលើមុខវិជ្ជាវិទ្យាសាស្ត្រ ពួកគេបានជួយទន្ទេញមេរៀនដែលដាក់ឲ្យកូនៗ ធ្វើ ហើយពេលខ្លះឈានទៅដល់ការឈប់សម្រាកពីការងារមួយពេលៗដើម្បីជួយមើលថែកូន។

ឪពុក ម្តាយសិស្សខ្លះទៀតថែមទាំងបានចូលរួមវគ្គសិក្ខាសិលានានាស្តីពីការប្រឡង និងវគ្គសិក្សាបន្ថែមដើម្បីជួយត្រៀមខ្លួនសម្រាប់ការប្រឡងបញ្ចប់ថ្នាក់បឋមសិក្សារបស់កូនៗពួកគេ។ សម្រាប់អាណាព្យាបាលរបស់សិស្សមួយរូបដែលបានចូលរួមក្នុងសិក្ខាសិលាមួយដែលបង្ហាញពីវគ្គសិក្សាបន្ថែមដល់សិស្ស បានលើកឡើងថាពួកគេ មានអារម្មណ៍ជឿជាក់ លើកូនរបស់ពួកគេឥឡូវនេះជាពិសេសលើមុខវិជ្ជាវិទ្យាសាស្ត្រក្រោយពីបានចូលរួមវគ្គសិក្សាខាងលើ។

អ្នកផ្សេងទៀតដែលបានចូលរួមវគ្គសិក្សាសិក្ខាសិលាពីការប្រឡងថ្នាក់ជាតក៏បានលើកឡើងថា “នៅពេលដែលខ្ញុំបានត្រួតពិនិត្យក្រដាសឬកិច្ចការប្រឡងរបស់កូន ប្រហែលជាខ្ញុំអាចដឹងថាពួកគេធ្វើវាបានត្រូវច្រើនជាងមុន ជាពិសេសខ្ញុំចង់ប្រាកដថាកូន របស់ខ្ញូំកំពុងតែសិក្សាបានល្អ”។ ខណៈអ្នកចូលរួមម្នាក់ទៀតបានលើកឡើងផងដែរថា កំហុសដែលសិស្សបានបង្កើតនៅក្នុងការប្រឡងបញ្ចប់ថ្នាក់បឋមសិក្សាភាគច្រើន គឺបច្ចេកទេសពួកគេក្នុងការឆ្លើយសំណួរ។

ឪពុក ម្តាយសិស្សមួយរូបបានលើកឡើងថា “ថ្វីបើខ្ញុំមិនអាចចូលទៅក្នុងសមរភូមិ(ប្រឡង) ជាមួយកូនបាន ប៉ុន្តែខ្ញុំអាច ជួយរៀបចំពួកគេមុនការប្រយុទ្ធមកដល់” “ខ្ញុំតែងតែជួយកូនរបស់ខ្ញុំជាពិសេសផ្តល់នូវសេរីភាពសម្រាប់ពួកគេក្នុងការជ្រើសរើសអ្វីដែលគេចង់បាន ប៉ុន្តែផ្នែកមួយដែលខ្ញុំត្រូវតែសម្រឹតសម្រាំងកូនរបស់ខ្ញុំ នោះគឺការអប់រំ និងពិន្ទុល្អ ដែលវាពិតជាចំនុចសំខាន់បំផុតសម្រាប់ខ្ញុំ”។

ជាការពិតណាស់ កម្រងសំណួរស្រាវជ្រាវមួយដែលធ្វើក្នុងចំណោម ឪពុកម្ដាយចំនួន១០០០នាក់ ដែលមានកូនកូនកំពុងតែសិក្សានៅក្នុងថ្នាក់បឋមសិក្សាបានរកឃើញថា ៩៩%នៃពួូកគេយល់ឃើញថា ពិន្ទុកូនៗរបស់ពួកគេក្នុងការប្រឡងបញ្ចប់គឺពិតជាមានសារៈសំខាន់បំផុត។ ទិន្នន័យខាងលើនេះគឺជាការប្រមូល ទូទាំងប្រទេសសិង្ហបុរីដែលត្រូវបានធ្វើឡើងដោយស្ថាប័នសារព័ត៌មានមួយ ចាប់តាំងពីការផ្តល់ពិន្ទុក្នុងការប្រឡងបញ្ចប់ថ្នាក់បឋមសិក្សា ត្រូវបានកែសម្រួលចាប់តាំងពីឆ្នាំពីឆ្នាំ២០២១មក។ នៅក្នុងទិន្នន័យដដែលក៏បានបង្ហាញថា៨៧%នៃឪពុកម្តាយសិស្ស បានជ្រើសរើសចម្លើយថាកូនរបស់ពួកគេ មានស្ថានភាពតឹងតែង ឬក៏ស្ត្រេស ចំពោះការប្រឡងបញ្ចប់ថ្នាក់បឋមសិក្សា ហើយ៦៤% នៃឪពុកម្តាយទាំងនោះគឺមានស្ថានភាពតឹងតែងចំពោះខ្លួនឯងផ្ទាល់តែម្ដង។

ជាការពិតស្ថានភាពឪពុកម្តាយគឺមានភាពតឹងតែងជាងកូនៗរបស់ពួកគេទៀតចាប់តាំងពីការប្រព័ន្ធវាយតម្លៃរបស់សិង្ហបុរីត្រូវបានកែសម្រួល នេះបើតាមការលើកឡើងរបស់ គ្រូបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ មួយរូប ដែលផ្តល់បទបង្ហាញទាក់ទងទៅនឹងការប្រឡងជូនឪពុកម្ដាយសិស្សចាប់តាំងពីឆ្នាំ២០១៧មក។

តើមានបញ្ហាអ្វីខ្លះដែលនាំឲ្យពិន្ទុត្រូវបានផ្ដោតសំខាន់បំផុតជាពិសេសទៅលើក្មេងៗនៅក្នុងសិង្ហបុរី តើការទទួលបានពិន្ទុល្អមានអត្ថន័យយ៉ាងដូចម្តេច?

នៅក្រោមការផ្តល់ពិន្ទុនៃការប្រឡងបញ្ចប់ថ្នាក់បឋមសិក្សារបស់សិង្ហបុរីនៅពេលនេះ គឺមានពិន្ទុសរុប ចំនួនពី៤-៣២ ដែលមានគម្លាតឃ្លាតគ្នាតិចតួចបំផុត ដែលពីមុនមក ពិន្ទុនេះត្រូវបានរៀបចំនៅក្នុង ចន្លោះប្រហែល២០០ពិន្ទុឯណោះ។ ជាឧទាហរណ៍កាលពីមុន សិស្សដែលទទួលបាននិទ្ទេសA គឺស្ថិតនៅក្នុងចន្លោះ ៧៥-៩០ តែបច្ចុប្បន្ននេះ បើសិនជាសិ្សសបានធ្វេសប្រហែសបាត់បង់ ២ ទៅ ៤ពិន្ទុ ពួកគេមិនអាចទទួលបាននិទ្ទេសA បានទៀតឡើយ។ ជាឧទាហរណ៍ពិន្ទុត្រូវបានបែងចែកជា ​ AL2(៨៥-៨៩) AL3(៨០-៨៤) AL4(៧៥-៧៩) AL1លើសពី៩០ពិន្ទុ។

ស្ថានភាពត្រូវបានប្រែប្រួលក្រោយពីការកែសម្រួលលើការវាយតម្លៃដោយសារតែការប្រឡងបច្ចុប្បន្ននេះត្រូវបានធ្វើឡើងក្រោមលក្ខខណ្ឌ សំណួរពហុជ្រើសរើស ហើយមួយសំណួរ សិស្សអាចទទួលបាន២ពិន្ទុឯនោះ។ នេះមានន័យថាបើសិនជាសិស្សអាចធ្វើខុសតែ មួយឬពីរសំណួរពួកគេនឹងមិនទទួលបាននិទ្ទេសAឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា បើសិនជាពិន្ទុរបស់សិស្សមិនបានល្អនោះទេ វានឹងអាចប៉ះពាល់ទៅដល់ការចូលរៀនរបស់កុមារនៅក្នុងថ្នាក់អនុវិទ្យាល័យ ហើយពួកគេនឹងមិនអាចចូលរៀនបន្តបានទៀតឡើយបើសិនជាពិន្ទុស្ថិតនៅក្រោមកម្រិតអប្បបរមា។ ដោយសារតែសារៈសំខាន់ទាំងនេះហើយទើបធ្វើឲ្យឪពុកម្ដាយសិស្សទាំងអស់ក្នុងប្រទេសសិង្ហបុរីមានការផ្តោតសំខាន់ជាងខ្លាំង លើពិន្ទុរបស់កូនកូនពួកគេ។ ការស្រាវជ្រាវខាងលើក៏បានបង្ហាញថែមទៀតថា ៦៩ភាគរយ នៃអ្នកចូលរួមយល់ឃើញថា ពិន្ទុពិតជាមានសារៈសំខាន់ណាស់ហើយវានឹងអាចកំណត់ជោគវាសនា និងអាជីពការងាររបស់ពួកគេនៅពាក់កណ្ដាល ពេលអនាគត។

ឪពុកម្ដាយសិស្សមួយរូបផ្សេងទៀតបានលើកឡើងថា កំហុសនៅពេលដែលកូនពួកគេធ្វេសប្រហែសក្នុងការធ្វើលំហាត់ ជាហេតុបណ្ដាលឲ្យឪពុកម្តាយមួយចំនួន សម្រេចចិត្តបញ្ជូនកូន ទៅចូលរួមវគ្គសិក្សាគណិតវិទ្យាបន្ថែម ដែលមានដូចជាវគ្គបោះជំរុំសិក្សាគណិតវិទ្យាជាដើម។

កុមារាម្នាក់អាយុ១២ឆ្នាំ បានប្រាប់មកកាន់សារព័ត៌មានសិង្ហបុរីថាឪពុកម្ដាយ របស់គេចង់ឲ្យគេទទួលបានពិន្ទុពេញ១០០ភាគរយ។ ហើយរូបគេបានចូលរួមវគ្គសិក្សាខាងលើនេះ ដែលត្រូវបានរៀបចំឡើងនៅក្នុងពេលវិស្សមកាល ដើម្បីជួយដល់កុមារថ្នាក់ទី ៥ ឬទី៦ សម្រាប់ត្រៀមការប្រឡងបញ្ចប់ថ្នាក់ជាតិ ហើយតម្លៃនៃការចូលរួមវគ្គបោះជំរុំគណិតវិទ្យានេះ ត្រូវចំណាយប្រមាណប្រាំរយដុល្លារសិង្ហបុរី សម្រាប់រយៈពេលប្រាំថ្ងៃ។ ថ្វីបើវាមានតម្លៃថ្លៃ ប៉ុន្តែការចុះឈ្មោះចូលរួមគឺពិតជាមានចំនួនច្រើនលើសលប់។ ក្នុងនោះ កុមារាម្នាក់ដែលបានចូលរួមការបោះជំរុំនេះនៅក្នុងខែកញ្ញាកន្លងទៅ បានរៀបរាប់ថា រូបគេពិតជាមានភាពនឿយហត់ ដែលម្តាយរបស់គេបានចុះឈ្មោះឲ្យចូលរួមក្នុងវគ្គសិក្សាមួយនេះ ប៉ុន្តែកុមារានេះយល់ថាការសម្រេចចិត្តរបស់ម្តាយគេគឺដើម្បី តែរូបគេតែប៉ុណ្ណោះ។ មកដល់ពេលនេះ ការចុះឈ្មោះសិក្សាបន្ថែមចំពោះកូនៗនៅតែមិនទាន់ពេញចិត្តសម្រាប់ឪពុកម្ដាយសិស្សសិង្ហបុរី ដែលនៅមានមជ្ឈមណ្ឌលសិក្សាជាច្រើនទៀតដែលកំពុងតែផ្តល់ការបង្រៀននិងវិធីសាស្ត្រ បង្រៀនផ្សេងផ្សេងគ្នាដើម្បីជួយទៅដល់ការចងចាំរបស់កុមារ ដែលមានដូចជាវគ្គសិក្សាគិតលេខឲ្យបានលឿនជាដើម។

ការសិក្សាដដែលក៏រកឃើញថា ឪពុកម្ដាយ ៦០ភាគរយ បានបញ្ជូនទៅ កូនទៅសិក្សា វគ្គក្រៅម៉ោងបន្ថែម ហើយក្នុងនោះ ៦៥ភាគរយ បានបញ្ជូនទៅរៀន ៣ ឬ៤ថ្នាក់(ឬម៉ោងសិក្សា) ហើយ៦ភាគរយទៀតបានបញ្ជូនកូនទៅរៀនច្រើនជាង ៥ថ្នាក់។

តើអ្នកណាជាអ្នកដែលស្ថិតក្នុងស្ថាភាពភាពតឹងតែងបំផុត?

សារព័ត៌មានសិង្ហបុរីមួយបានធ្វើការពិសោធជាមួយនឹង សិស្សដែលរៀនថ្នាក់ទី ៥ និងទី៦ ចំនួន២០នាក់ដែលមកពីសាលាផ្សេងៗគ្នានៅក្នុងសិង្ហបុរី ដើម្បីស្វែងរកមូលហេតុដែលនាំឲ្យមានស្ថានភាពតឹងតែងឬធុញថប់ចំពោះពួកគេ។ ការសិក្សាបានរកឃើញថា ឪពុកម្តាយរបស់សិស្សទាំង២០រូបខាងលើនេះសុទ្ធតែបាន ឬក៏មានបំណងបញ្ជូនកូនទៅកាន់វគ្គរៀនគួរបន្ថែមដើម្បីត្រៀមប្រឡងបញ្ចប់ថ្នាក់បឋមសិក្សា ហើយពួកគេបានដាក់សម្ពាធមកលើកូនៗ។

កុមារាមួយរូបដែលបានចូលរួមក្នុងការស្រាវជ្រាវបានលើកឡើងថា “បើសិនជាខ្ញុំមិនអាចទទួលបានពិន្ទុល្អទេនោះឪពុកម្តាយខ្ញុំនឹងខកចិត្តជាខ្លាំង ជាពិសេសពួកគេបាន គាត់បានចំណាយប្រាក់យ៉ាងច្រើនសម្រាប់ការសិក្សារបស់ខ្ញុំ”។ វាមិនមានភាពភ្ញាក់ផ្អើលទេដែលកុមារ ១១រូបផ្សេងទៀត បានលើកឡើងថាឪពុកម្តាយរបស់ពួកគេតែងតែធ្វើការប្រៀបធៀបពិន្ទុរបស់គេនិងមិត្តភក្តិ។

ការសិក្សាដដែលបានរកឃើញថា មានមតិតិចតួចបំផុតដែលបានលើកឡើងថាពិន្ទុមិនមានសារៈសំខាន់សម្រាប់ឪពុកម្តាយ។ បើទោះជាយ៉ាងនេះក្ដី ឪពុកម្ដាយខ្លះនៅតែសម្រេចចិត្តបញ្ជូនកូនឲ្យទៅសិក្សាក្រៅម៉ោងបន្ថែម និងធ្វើការលើកឡើងពីការប្រៀបធៀបលទ្ធផលរបស់មិត្តភក្តិនៅក្នុងថ្នាក់ និងកូនពួកគេ។ សិស្សម្នាក់ទៀតបានលើកឡើងថា ឪពុកម្ដាយរបស់គេចង់ឲ្យគេមានពិន្ទុយ៉ាងហោចណាស់លើសពីមធ្យម ខណៈដែលរូបគេទទួលបាននិទ្ទេសAមួយ នៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រហើយក្តី។

សិស្សខ្លះទៀតបានលើកឡើងថាគ្រូបង្រៀនក៏ធ្វើឲ្យពួកគេមានភាពធុញថប់ផងដែរ។ ជាឧទាហរណ៍ សិស្ស១១នាក់ នៅក្នុងការសិក្សាខាងលើ បានបង្ហាញថាគ្រូរបស់ពួកគេតែងតែធ្វើការប្រកាសលទ្ធផលអ្នកដែលទទួលបានពិន្ទុច្រើនជាងគេនៅក្នុងថ្នាក់ ក្រោយពីបានប្រឡងចប់។

អ្នកចូលរួមម្នាក់បានលើកឡើងថាគ្រូភាសាចិនរបស់គេ តែងតែហៅពិន្ទុក្នុងថ្នាក់ដោយចាប់ពីអ្នកដែលទទួលបានច្រើនជាងគេរហូតដល់អ្នកដែលបានទទួលពិន្ទុតិចជាងគេ។ ហើយរូបគេតែងតែស្ថិតនៅក្នុងចំណោមសិស្សចុងក្រោយ១០នាក់ ដែលជាហេតុធ្វើឲ្យគេមានការអន់ចិត្តជាខ្លាំង។ កុមារានេះបានបន្ថែមថា “ថ្នាក់រៀនហាក់ដូចជាត្រូវបានបែងចែកជាបួនក្រុម ហើយអ្នកដែលអង្គុយខាងក្រោយគេ តែងតែត្រូវបានគេវាយតម្លៃថាជាអ្នកដែលទទួលបានពិន្ទុតិចជាងគេនៅក្នុងថ្នាក់”។

នៅមានមូលហេតុផ្សេងទៀតដែលបង្កឲ្យមានភាពធុញថប់ចំពោះការសិក្សា ប៉ុន្តែកត្តាឪពុកម្តាយគឺជាកត្តាធំបំផុតមួយ ដូចដែលបានលើកឡើងដោយសិស្សដែលបានចូលរួមក្នុងការស្រាវជ្រាវខាងលើ។ សិស្សមួយរូបទៀតដែលមានអាយុ១១ឆ្នាំ បានបង្ហាញថា “ឪពុកម្តាយរបស់គេចង់ឲ្យគេទៅរៀនសាលាអនុវិទ្យាល័យដែលមានកេរ្តិ៍ឈ្មោះល្បីដូច្នេះហើយទើបគេអាចមានអនាគតល្អនៅក្នុងពេលអនាគត”។ រីឯសិស្សម្នាក់ទៀតបានលើកឡើងថា គេមានបញ្ហាក្នុងការគេង ដោយសារតែ នៅពេលថ្ងៃដែលកំពុងរៀន គេចេះតែគិតរហូតថាតើសំណួរអ្វី នឹងអាចចេញប្រឡងក្នុង ពេលខាងមុខ?

តើគួរតែរក្សា ឬលុបចោលការប្រឡងបញ្ចប់ថ្នាក់បឋមសិក្សា-PSLE

តើឪពុកម្ដាយសិស្សបានយល់ដឹងពីស្ថានភាពផ្លូវចិត្ត និងសម្ពាធដែលបានដាក់មកលើកូនរបស់ពួកគេដែរឬទេ?

អ្នកម្ដាយមួយរូបបានប្រាប់សារព័ត៌មានថា កូនស្រីរបស់គាត់បាននិយាយថា “សុំទោស ខ្ញុំនឹងខំប្រឹងបន្ថែមទៀតម៉ាក់” ខណៈដែលពិន្ទុកូនរបស់គាត់មិនសូវល្អ។ ថ្វីបើការដាក់សម្ពាធនេះនាំឲ្យ ពុកម្តាយមានអារម្មណ៍ថា ហួសហេតុ ប៉ុន្តែអ្នកចូលរួមបទសម្ភាសម្នាក់ ជឿជាក់ថាឪពុក ម្តាយទាំងអស់ សុទ្ធតែមានគោលបំណងដូចគ្នាគឺចង់ឲ្យកូនទទួលបានលទ្ធផលល្អ និងអាចជ្រើសរើសសាលារៀនល្អដើម្បីបន្តការសិក្សា។ លោក Claire បានលើកឡើងថា កូនៗភាគច្រើនក៏បានយល់អំពីអារម្មណ៍របស់ឪពុកម្តាយចំពោះលទ្ធផលពួកគេ កូនរបស់គាត់បាននិយាយថានេះគឺជាកាតព្វកិច្ចរបស់គេក្នុងការសិក្សា។ លោកបានលើកឡើងថាគាត់មិនបានប្រៀបធៀបលទ្ធផលកូនរបស់គាត់ជាមួយសិស្សឯទៀតទេ ប៉ុន្តែគាត់តែងតែសួរពីលទ្ធផលសិក្សារបស់កូនគាត់ថាធ្វើបានលទ្ធផលយ៉ាងម៉េចដែរ ដូច្នេះហើយកូនរបស់គាត់តែងតែប្រាប់ថា គាត់បានលទ្ធផលបែបនេះ អ្នកផ្សេងធ្វើបានលទ្ធផលបែបនោះប៉ុណ្ណោះ។

ឪពុកម្ដាយសិស្សខ្លះទៀតក៏បានរិះគន់ទៅលើការអប់រំសិង្ហបុរីហើយចង់ឲ្យមានការកែសម្រួលលើប្រព័ន្ធសិក្សា ជាពិសេសថ្មីៗនេះ នៅពេលដែលមានការដកចេញការវាយតម្លៃឆមាស (ពាក់កណ្ដាលឆ្នាំសិក្សា)។ ឪពុកម្ដាយខ្លះទៀតបានលើកឡើងថាពួកគាត់បានរងសម្ពាធពីអ្នកនៅជុំវិញដោយមានមិត្តភក្តិតែងតែសួរថាតើកូនឆ្នាំប្រឡងហើយ តើបានត្រៀមអ្វីខ្លះ? ដូច្នេះបើទោះបីជាគាត់ ចង់ឬមិនចង់ ក៏ត្រូវបញ្ជូនកូនទៅសិក្សាបន្ថែមដើម្បីឲ្យពួកគេទទួលបានលទ្ធផលល្អ ហើយការទំនុកបម្រុងកូនខ្លាំងបែបនេះគឺជាគំនិតឪពុកម្តាយបែបអាស៊ីដែលគ្រប់គ្នាតែងតែធ្វើ ថ្វីបើពួកយើងមិនពេញចិត្តនឹងវាក៏ដោយ។

ឪពុកម្ដាយខ្លះទៀតមិនអនុញ្ញាតឲ្យកូនរបស់គេលេង ហ្គេមឬការកម្សាន្តអ្វីទាំងអស់នៅក្នុងឆ្នាំប្រឡង ហើយឪពុកម្តាយខ្លះទៀតបានលើកឡើងថា បើសិនជាពួកយើងមិនបានត្រៀមខ្លួនកូន សម្រាប់ការប្រឡងនៅពេលខាងមុខទេ ពួកគេនឹងសោកស្តាយ ព្រោះនិទ្ទេស ឬពិន្ទុពិតជាមានសារៈសំខាន់ណាស់ ព្រោះពេលចូលដល់ថ្នាក់អនុវិទ្យាល័យការងាររបស់សិស្សទាំងអស់នឹងច្រើនជាងមុនផងដែរ។ ប៉ុន្តែក៏មានអាណាព្យាបាលសិស្សផ្សេងទៀតយល់ឃើញថាសម្ពាធការប្រឡងសម្រាប់កុមារគួរតែមានការកាត់បន្ថយផងដែរ ហើយគួរពន្យាពេលការប្រឡងបញ្ចប់បែបនេះរហូតដល់កុមារមានអាយុ ១៤-១៦ឆ្នាំ។

Note: PSLE-Primary School Leaving Examination    ការប្រឡងបញ្ចប់ថ្នាក់បឋមសិក្សា

ប្រភព៖ Channel News Asia