បណ្ឌិត គី សេរីវុឌ្ឍន៍៖ កម្ពុជា នឹងក្លាយជាសួនច្បារពិភពលោក ប្រសិនបើរៀនចំយុទ្ធសាស្ត្រត្រូវ
ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ក្រោមប្រធានបទ «ការវាយតម្លៃជុំវិញការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា» ឯកឧត្តមបណ្ឌិត គី សេរីវុឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីវិស័យអាទិភាពចំនួន ២ ដែលជាវិស័យដ៏មានសក្តានុពល ដែលអាចរួមចំណែកជំរុញសម្ទុះសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅរកការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះរួមមានវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៧ បានបន្តអភិវឌ្ឍនូវសមិទ្ធផលថ្មី និងបាននិងកំពុងយកចិត្តទុកដាក់លើយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងផ្នែកបច្ចេកវិទ្យា ដែលនេះជាជំហានដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជា ដើម្បីបោះជំហានចាកចេញពីប្រទេសអភិវឌ្ឃតិចតួច។
ក្រៅពីសូចនាករដ៏សំខាន់ទាំងពីរនេះ ឯកឧត្តមបណ្ឌិតបានលើកឡើងថា វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម គឺជាកត្តាដ៏មានឥទ្ធិពលក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើកម្ពុជាអាចអភិវឌ្ឍវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មដែលមិនបំពុលបរិស្ថានឱ្យរឹងមាំ ហើយផ្សារភ្ជាប់វិស័យអាទិភាពទាំងពីរនេះដើម្បីជាយន្តការជំរុញវិស័យទេសចរណ៍ នោះកម្ពុជា នឹងក្លាយជាសួនច្បារពិភពលោក ប្រសិនបើរៀនចំយុទ្ធសាស្ត្រត្រូវ។
សូមជម្រាបថា កិច្ចពិភាក្សានារសៀលនេះ ទទួលបានការចូលរួមជាមតិយោបល់ និងសំណួរ-ចម្លើយយ៉ាងផុសផុល ពីសំណាក់វាគ្មិន និស្សិតដែលមកពីសាកលវិទ្យាល័យនានា នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។