វេទិកាអាជីវកម្ម លើកទី១ ឆ្នាំ២០២៤ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា បានរៀបចំ វេទិកាអាជីវកម្ម លើកទី១ ឆ្នាំ២០២៤ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលមានសិក្ខាកាមចូលរួមប្រមាណជាង១២០រូប។
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ជាសមាគមអតីតអ្នកចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដែលជាកម្មវិធីផ្លាស់យុវជនក្នុងតំបន់ដ៏ធំមួយ ចាប់បដិសន្ធិតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ និងមានយុវជនចូលរួមមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន សរុបប្រមាណជាង១២០០០រូប។ កម្ពុជាបានចូលរួមពេញសិទ្ធិក្នុងកម្មវិធីនេះ កាលពីឆ្នាំ២០០០ បន្ទាប់មក សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤។
ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ, សមាគមសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដូចជាការធ្វើជាម្ចាស់ផ្ទះទទួលកម្មវិធីចំនួន២លើក ការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរជាតិចំនួន២លើក កសាងអគារ បណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១ខ្នង នៅក្នុងឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងដឹកនាំអនុវត្តគម្រោងផ្សេងទៀតចំនួនជាង២៥គម្រោង ក្នុងវិស័យអប់រំ បរិស្ថាន និងសុខាភិបាល។ សមិទ្ធផលទាំងនេះ មានការចូលរួមយ៉ាងសកម្មពីសមាជិក-សមាជិការបស់សមាគម ដែលមានចំនួនសរុប៦០០នាក់ ភាគច្រើនបាននិងកំពុងក្លាយជាថ្នាក់ដឹកនាំជំនាន់ថ្មី ក្នុងតួនាទីសំខាន់ៗ ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន។
ធនធានមនុស្ស ដែលជាសមាជិកដ៏ច្រើនសន្ធឹកសន្ធាប់ នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា កន្លងមកជាបណ្តាញទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពនិងភាពចម្រុះ បានបំផុសនូវគំនិតបង្កើតវេទិកានេះឡើង ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ជំរុញកិច្ចសហការ និងទាញយកផលប្រយោជន៍ពីធនធានដ៏មានតម្លៃនេះ ញ៉ាំងឲ្យទាំងអស់គ្នា អាចឈានទៅមុខនិងរីកចម្រើនជាមួយគ្នា ក្នុងការពង្រឹងនិងពង្រីកអាជីវកម្មផ្សេងៗ។ វេទិកាអាជីវកម្មថ្ងៃនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀត បន្ថែមលើវិសាលភាពនៃសកម្មភាពអភិវឌ្ឍយុវជនរបស់សមាគម ដើម្បីជាគុណប្រយោជន៍ នៃសង្គមនិងសេដ្ឋកិច្ចជាតិ។
មូលបទនៃវេទិកានេះមានចំណងជើងថា«និរន្តរភាពអាជីវកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម៖ ការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុនិងផ្នែកផ្សេងៗទៀត» ។ ក្នុងបរិការណ៍សកល ដែលមានភាព មិនប្រាកដប្រជាខ្ពស់ បន្ទាប់ពីមានផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងសង្គ្រាមដែលកំពុងកើតមានឡើងក្នុងពិភពលោក សហគ្រាសធុនតូចនិងមធ្យម កាន់តែត្រូវផ្តោតសំខាន់ណាស់ លើការធានានូវនិរន្តភាព អាជីវកម្ម។ គន្លឹះសំខាន់ៗ ក្នុងការកសាងអាជីវកម្មឲ្យកាន់តែមានភាពធន់មាំ ចីរភាព និងភាពចំណេញខ្ពស់ គឺជាចំណេះដឹងនិងបទពិសោធដ៏មានតម្លៃ ក្នុងការឆ្លើយតបនិងជួយដល់សហគ្រាសទាំងឡាយ ក្នុងគ្រាដ៏ចំាំបាច់នេះ។ ក្នុងវេទិកានេះ ប្រធានបទមួយចំនួន ត្រូវបានយកមកធ្វើបទបង្ហាញ និងពិភាក្សាដេញដោល ដោយមានការសម្របសម្រួលដោយលោក ស៊ាង សុបញ្ញា អគ្គនាយក វិទ្យាស្ថានអន្តរជាតិខេម-អាស៊ាន និងជាអតីតប្រធានសមាគមនេះផងដែរ។ ប្រធានបទទាំងនោះរួមមាន ៖
•សហគ្រាសធុនតូចនិងមធ្យមឆ្ពោះទៅកាន់ឆ្នាំ២០៥០៖ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា តាមរយៈ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញដោយ ឯកឧត្តម ពៅ វណ្ណដា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
•លទ្ធភាពទទួលបានហិរញ្ញវត្ថុ៖ កត្តាសំខាន់សម្រាប់សហគ្រាសធុនតូចនិងមធ្យម បង្ហាញដោយ លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិកម្ពុជា
•ធនាគារនិងស្ថាប័នហិរញ្ញវត្ថុ៖ ភាពជាដៃគូដ៏សំខាន់សម្រាប់សហគ្រាសធុនតូចនិងមធ្យម បង្ហាញដោយ លោក ឌុក សារ៉ាក់ នាយក សេវាហិរញ្ញវត្ថុសហគមន៍ នៃធនាគារមេយប៊ែង កម្ពុជា
•បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល៖ ឧបករណ៍ដ៏សំខាន់សម្រាប់សហគ្រាសធុនតូចនិងមធ្យម បង្ហាញដោយ លោក ស៊ឹម ចាន់គីរីរ័ត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន បញ្ជី ហ្វីនថេច
លទ្ធផលនៃការពិភាក្សានេះ ត្រូវបានរំពឹងថា នឹងក្លាយជាចំណេះដឹងនិងបទពិសោធ ដែលជាធាតុចូលដ៏សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម និងប្រតិបត្តិករទាំងឡាយ យកទៅអនុវត្តក្នុងសហគ្រាសរបស់ខ្លួន។ លោក ហោ សំណាង ប្រធានសមាគម បានថ្លែងថា៖ «វេទិកាថ្ងៃនេះ ជាវិភាគទានមួយ ដើម្បីជួយដល់ម្ចាស់អាជីវកម្ម និងប្រតិបត្តិករទាំងឡាយ ក្នុងការពង្រឹងនិងពង្រីងអាជីវកម្ម។ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីឈានទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់ ។ វិភាគទានមួយនេះ ជាលំនាំដ៏ប្រសើរមួយនិងមានភាពបុរេសកម្ម ដែលយើងអាចរួមគ្នាបង្កើតនិងអនុវត្ត ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ កិច្ចសហការស្អិតរមួត និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយគ្នា នាំអោយចក្ខុវិស័យកម្ពុជា នឹងប្រែក្លាយជាការពិត។» ក្រៅពីនេះ វេទិកា ក៏បានបង្កើតនូវទំនាក់ទំនង រវាងអ្នកចូលរួម ដែលជាគុណតម្លៃបន្ថែមមួយទៀត សម្រាប់ម្ចាស់អាជីវកម្ម និងប្រតិបត្តិករ ដែលបានចូលរួម។ សិក្ខាសាលានេះ បានបញ្ចប់ទៅ ប្រកបដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល ក្តីសោមនស្សរីករាយ និងគំនិតផុសផុល៕