|

នាយករដ្ឋមន្ត្រីអូស្ត្រាលី វាយតម្លៃថា«កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់ការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ»


ក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលលោកបានមានប្រសាសន៍ថា៖ “កម្ពុជាគឺជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ ទោះបីជាឆ្លងកាត់នូវការលំបាកក្នុងរបបប្រល័យពូជសាសន៍ក៏ដោយ ក៏កម្ពុជានៅតែអស្ចារ្យ និងបន្តដំណើរទៅមុខទៀត”។

ជាការឆ្លើយតប សម្ដេចធិបតីក៏បានថ្លែងអំណរគុណ និងបានជម្រាបជូន ឯកឧត្តម អេនថូនី អាល់បានីស៊ី ថា៖ “កម្ពុជាសូមថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានជួយគាំទ្រដល់កម្ពុជា ជាពិសេសនៅក្នុងអំឡុងពេលនៃការស្វែងរកសន្តិភាពជូនកម្ពុជានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ហើយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតឡើងបានឡើយ បើមិនមានការគាំទ្រ និងការយកចិត្តទុកដាក់ និងការផ្តល់ជំនួយលើវិស័យគន្លឹះ ដែលរួមមាន៖ វិស័យកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ ការពារសន្តិសុខ និងវិស័យផ្សេងៗទៀត”។

ក្នុងក្របខ័ណ្ឌនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្ត្រី អំពីវិស័យសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមាន ដូចជា៖ វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការអប់រំ និងការងារ និងផ្នែកការពារជាតិ។ សម្តេចធិបតី ក៏បានបញ្ជាក់ថា សម្តេចបានបង្ហាញអំពីការទាក់ទាញការវិនិយោគពីធុរជនអូស្ត្រាលី នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីកាលពីព្រឹក និងបានស្វាគមន៍ចំពោះការចុះកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលជាកត្តាជំរុញដល់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាកិច្ចបញ្ចប់ សម្តេចធិបតី បានអញ្ជេីញ ឯកឧត្តម នាយករដ្ឋមន្ត្រី អូស្ត្រាលី ដេីម្បីធ្វើទស្សកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត ។

ឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលីបានស្វាគមន៍ទទួលយកការស្នើអំពីវិស័យនៃសហប្រតិបត្តិការទាំងនេះ និងសម្តែងការរីករាយទទួលយកការអញ្ជេីញរបស់ សម្តេចធិបតី ដេីម្បីធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របខាងមុខ៕

ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល