ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែចំនួន ៥ ចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញការលើកកម្ពស់ផលិតផលផលិតក្នុងស្រុក
នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែ រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែទាំង ៥ រួមមាន៖ ១). ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS) ២). ខេម អេហ្គ្រី ឡាឡា (CAM AGRI LALA) ៣). ផ្សារកូនកាំបិត ៤). ផ្សារខ្មែរ បន្លែធម្មជាតិ ៥). ផ្សារស្នាដៃម៉ែ។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ខាងលើនេះ បានបង្ហាញពីការចូលរួមដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការជំរុញផលិតកម្មកសិកម្មឆ្លើយតបនឹងតម្រូវការទីផ្សារ ធានាសន្តិសុខនិងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែម សំដៅលើកស្ទួយកសិកម្ម និងអភិវឌ្ឍនជនបទ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងថាក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាកសិករខ្មែរយើង នឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរិ៍តឈ្មោះផលិតផលផលិតក្នុងស្រុក ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្មស្របតាមនិន្នាការគុណភាពនៅលើទីផ្សារ ដែលអាចទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន និងឧត្តមប្រយោជន៍ប្រកួតប្រជែង ដែលមានតម្លៃបន្ថែមខ្ពស់។
ក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្ត្រី រំពឹងថាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញបន្លែនេះ នឹងជំរុញបន្ថែមនូវការធ្វើបរមភាវូបនីយកម្ម ការធ្វើទីផ្សារបន្លែនៅកម្ពុជា ដែលជាយន្តការមួយដ៏សំខាន់នៃគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីពង្រឹងបុរេលក្ខខណ្ឌចាំបាច់នានា ក្នុងទិសដៅទ្រទ្រង់នូវគោលដៅអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព ជាពិសេសការឈានទៅសម្រេចបានចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ផងដែរថា “ការប្រមូលទិញបន្លែរបស់សហគ្រាសទាំង៥ គឺស្មើនឹងប្រមាណ ២៤% នៃបរិមាណលក់ជាក់ស្តែងរបស់កសិករក្រោមគម្រោង AIMS ជាមធ្យមក្នុងមួយឆ្នាំ។ ការណ៍នេះមានន័យថា កសិករក្រោមគម្រោង AIMS នឹងអាចបង្កើនការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួនរហូតដល់ជាង ៣ម៉ឺនតោន ជាមធ្យម ក្នុងមួយឆ្នាំ។”
ជាចុងក្រោយលោកជំទាវរដ្ឋមន្ត្រី មានក្តីរំពឹងថា “ការចុះអនុស្សរណៈនេះ នឹងក្លាយជាគន្លឹះនាំមុខដ៏ចម្បងមួយក្នុងការបង្កើតកាលានុវត្តភាព សម្រាប់វិស័យកសិ-ពាណិជ្ជកម្ម ដែលអាចលើកស្ទួយដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍របស់គម្រោង AIMS ក្នុងការបង្កើនវិបុលភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច ដោយអនុវត្តគោលការណ៍អភិក្រមនៃការបង្កើតយន្តការបញ្ជ្រាបផលិតផលបន្លែក្នុងស្រុក ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព ព្រមទាំងប្រកបដោយអាហារូបត្ថម្ភ និងធានាបាននូវសន្តិសុខស្បៀងសម្រាប់អ្នកប្រើប្រាស់”៕