កម្ពុជានឹងមានស្ពានថ្មីឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់


យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនវានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធានគណៈកម្មការ ប្រធាន អនុប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗ ដែលនៅសេសសល់។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ប្រធានគណៈកម្មការ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានសាងសង់អាចប្រព្រឹត្តទៅបានដោយរលូន មានរបៀបរៀបរយ ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបជូនថា៖ ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។