|

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង ស្ថាប័នរដ្ឋទាំងអស់ អាណត្តិទី៧នេះ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី បានមានប្រសាសន៍ថា ក្រសួង ស្ថាប័នរដ្ឋទាំងអស់ អាណត្តិទី៧នេះ ត្រូវបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថល និងស្របតាមគោលនយោបាយឌីជីថលរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានជំរុញឱ្យរៀបចំយន្តការ និងធនធានមនុស្សដើម្បីធ្វើការលើការបង្កើតបង្កើតអង្គភាពបរិវត្តកម្មឌីជីថលនេះផងដែរ។

បន្ថែមពីនេះ សម្ដេចបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមាន ចំណូលខ្ពស់ឆ្នាំ២០៥០។