|

សហគមន៍រទេះក្របី កំពុងលើកស្ទួយជីវភាពប្រជាពលរដ្ឋវ័យចំណាស់ និងបង្ហាញអត្តសញ្ញាណខ្មែរដល់ទេសចរអន្តរជាតិ


យោងតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា នារសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៤នេះ ស្ថិតនៅក្នុងសហគមន៏រទេះក្របី ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានភ្ញៀវទេសចរណ៍បរទេសចំនួនប្រមាណជា ១០០នាក់ បន្ទាប់ពីបានទស្សនានៅតំបន់ប្រាសាទផ្សេងៗរួចហើយ ក៏បានមកចាប់អារម្មណ៍និងរទេះក្របីសម្រាប់ដឹកជិះលំហែរកាយនៅតាមភូមិជនបទ និងវាលស្រែ ដេីម្បីគយគន់ទេសភាពដែលមិនធ្លាប់មាននៅស្រុកពួកគេកន្លងមក។

អ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៍រទេះក្របី លោក ឆេង ឆោម បានលើកឡើងថា សហគមន៍រទេះក្របីនេះ បានបើកឱ្យដំណើរការអស់រយ:ពេលជិត ១០ឆ្នាំមកហើយ តែក្រោយមកត្រូវបានបិទរយ:ពេល ៣ឆ្នាំ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ រហូតមកដល់ ឆ្នាំ២០២៣ ក្នុងខែមេសា ទើបចាប់ផ្តើមឱ្យដំណើរការឡើងវិញ ស្របពេលដែលមានភ្ញៀវបណ្តើរៗហើយនោះ។

លោក បានបន្តទៀតថា នៅសហគមន៍យើងនេះ គឺមានរទេះក្របីចំនួន ១៦គ្រឿង និងបុគ្គលិកប្រមាណ ២០នាក់សម្រាប់សេវាកម្មដឹកជូនភ្ញៀវកំសាន្តតាមភូមិ តាមវាលស្រែ ដើម្បីមើលទេសភាពដ៏ស្រស់បំព្រងនារដូវប្រាំង រដូវវស្សា និងការរស់នៅរបស់បងប្អូនប្រជាកសិករនៅទីនោះផងដែរ។
ឥឡូវយើងឃើញថា កំណើនភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប មានការកើនឡើងល្អប្រសើរ ជាពិសេស នៅដើមឆ្នាំ២០២៤នេះតែម្តង នៅក្នុងសហគមន៍របស់យើង ថ្ងៃខ្លះក៏មានភ្ញៀវបរទេសចាប់ពី ៥០នាក់ ទៅ ១០០នាក់ ក្នុងមួយថ្ងៃៗ ចំពោះតម្លៃសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍បរទេស ក្នុងម្នាក់ៗ ២០ដុល្លារ ដោយឡែកសម្រាប់ភ្ញៀវខ្មែរ ក្នុងម្នាក់ៗ ៣ដុល្លារ ហើយរទេះក្របីមួយជិះបានគ្នា ៣នាក់ សម្រាប់ដំណើរកំសាន្តនៅតាមភូមិ តាមវាលស្រែ ប្រើរយ:ពេលប្រមាណជា ២៥នាទី ទៅ ៣០នាទី ទើបវិលមកកន្លែងដើមវិញ ។

អុំប្រុស អុំស្រី ជាម្ចាស់ក្របី អាយុ ៧០ឆ្នាំ បានឲ្យដឹងថា ពួកគាត់បានធ្វើការនៅក្នុងសហគមន៍នោះ ជាច្រើនឆ្នាំមកហើយ ពួកគាត់អាចរកម្រៃបានពីការងារដឹកភ្ញៀវក្នុងមួយខែៗ ទទួលបានប្រាក់ចំណូលចំនួន ២០០ដុល្លារ សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារ ហើយការងារដឹកភ្ញៀវនេះ វាមិនលំបាកទេ វាអាស្រ័យទៅលើភ្ញៀវប៉ុណ្ណោះ ថ្ងៃណាភ្ញៀវច្រើនគឺយើងដឹកបាន ២ជុំ ទៅ ៣ជុំដែរ ថ្ងៃខ្លះភ្ញៀវតិចតាមតិច ភ្ញៀវច្រើនតាមច្រើនអត់ទៀងទេ។

លោក អុំ ទាំងពីរ បានបញ្ជាក់ថា ពួកគាត់មានក្របីចំនួន ២ក្បាល សម្រាប់អូសរទេះដឹកភ្ញៀវដើរកំសាន្តស្ទើរជារៀងរាល់ថ្ងៃឲ្យតែមានភ្ញៀវ គឺពួកគាត់ជូនបានជានិច្ច វាដូចជាការហាត់ប្រាណទៅហើយ ពួកគាត់សប្បាយចិត្តនិងរីករាយចំពោះការងារបែបនេះ ដែលខាងសហគមន៍មិនរើសអើងថា យើងចាស់ៗហើយធ្វើការមិនកើតនោះទេ នៅទីនេះ យើងចាស់ក៏ដោយឲ្យតែមានកម្លាំងយើងអាចធ្វើបាននោះ គឺគេមិនប្រកាន់ឡើយ ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប