បីឆ្នាំក្រោយរដ្ឋប្រហារ ប្រមុខរបបយោធាមីយ៉ាន់ម៉ាស្ថិតនៅក្រោមសម្ពាធ និងភាពអាម៉ាសដែលមិនធ្លាប់មានពីមុនមក


កាលពីពាក់កណ្តាលខែមករា នៅក្នុងការជួបជុំតូចមួយនៅក្នុងទីប្រជុំជនមួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា ព្រះសង្ឃ Pauk Kotaw ដែលជាអ្នកគាំទ្រខាងយោធា បានស្នើឱ្យប្រមុខរបបយោធារបស់ប្រទេសគឺលោក Min Aung Hlaing ចុះចេញពីតំណែង ហើយផ្ទេរតំណែងឱ្យអនុប្រធានរបស់គាត់វិញ។

ការនិយាយជាសាធារណៈប្រឆាំងនឹងមេដឹកនាំរបបយោធាដ៏មានឥទ្ធិពលរបស់ប្រទេសមីយ៉ាន់ម៉ា និងជាប្រធានកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបែបនេះ ជាអ្វីដែលគេមិននឹកស្មានដល់កាលពីប៉ុន្មានខែមុននេះ។ ប៉ុន្តែបន្ទាប់ពីការដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១ លោក Min Aung Hlaing បានរកឃើញថាខ្លួនគាត់នៅក្នុងទីតាំងទន់ខ្សោយបំផុតចាប់តាំងពីការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ដែលទទួលបានរង្វាន់ណូបែលមក។

សំណួរអំពីការដឹកនាំរបស់បុរសវ័យ៦៧ ឆ្នាំរូបនេះកំពុងត្រូវបានសួរបន្ទាប់ពីការបរាជ័យក្នុងសមរភូមិជាបន្តបន្ទាប់សម្រាប់យោធានៅក្នុងការវាយលុកដ៏ខ្លាំងក្លាដោយក្រុមឧទ្ទាមដែលបានចាប់ផ្តើមនៅក្នុងខែតុលា ដែលត្រូវបានគេហៅថាប្រតិបត្តិការ១០២៧ ។

រហូតមកដល់ពេលនេះ របបយោធាបានបាត់បង់ការគ្រប់គ្រងយ៉ាងហោចណាស់៣៥ ទីក្រុង បើទោះបីជាបទឈប់បាញ់ដែលសម្របសម្រួលដោយទីក្រុងប៉េកាំងបានបញ្ឈប់ការប៉ះទង្គិចគ្នានៅជិតព្រំដែនចិនក៏ដោយ ប៉ិន្តែនៅផ្នែកផ្សេងទៀត ការប្រយុទ្ធនៅតែបន្ត។ កាលពីថ្ងៃពុធ នៅមុនថ្ងៃខួបនៃរដ្ឋប្រហារ លោក Min Aung Hlaing បានបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត ដើម្បីអនុញ្ញាតឱ្យយោធាអនុវត្តភារកិច្ច “នាំប្រទេសជាតិទៅកាន់ស្ថានភាពធម្មតានៃស្ថិរភាព និងសន្តិភាព”។

ប្រាកដណាស់ ការខាតបង់របស់កងទ័ពនៅលើសមរភូមិ ប្រហែលជាមិននាំទៅរកការដួលរលំនោះទេ ហើយវាមិនច្បាស់ថា តើលោក Min Aung Hlaing អាចត្រូវបានបណ្តេញចេញ ឬតើអ្នកណាអាចជំនួសគាត់ រួមទាំងអនុប្រធានបច្ចុប្បន្នរបស់លោក Soe Win ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះបានធ្វើឱ្យខូចទាំងជំហររបស់លោក Min Aung Hlaing និងយោធាមីយ៉ាន់ម៉ា ដែលគេស្គាល់ថា Tatmadaw ដែលអង្គការសហប្រជាជាតិបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សជាប្រព័ន្ធនៅក្នុងប្រទេស។

លោក Richard Horsey ទីប្រឹក្សាជាន់ខ្ពស់មីយ៉ាន់ម៉ារបស់ Crisis Group បាននិយាយថា “សញ្ញាមិនល្អរបស់ខ្លួននៅលើសមរភូមិត្រូវបានអ្នកជាតិនិយម និងអ្នកគាំទ្រយោធាដទៃទៀតមើលឃើញថាជាភាពអាម៉ាស់ ដែលបានធ្វើការរិះគន់ជាសាធារណៈដែលមិនធ្លាប់មានពីមុនមកលើការដឹកនាំរបស់អគ្គមេបញ្ជាការ Min Aung Hlaing”។

ប្រភព៖ Reuters