ជំនាញសំខាន់ៗ សម្រាប់យុវជន ដើម្បីប្រជែងក្នុងទីផ្សារការងារសតវត្សទី២១


គ្រឹះស្ថានឧត្តមសិក្សាបាននិងកំពុងខិតខំផ្តល់ការអប់រំលើជំនាញ ឯកទេស ជាមូលដ្ឋាន ប៉ុន្តែស្របពេលជាមួយគ្នានេះ ដោយសារទីផ្សារការងារបច្ចុប្បន្នកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះអ្វីដែលយើងបានក្រេបចំណេះជំនាញពីសាកលវិទ្យាល័យ មិនប្រាកដថាត្រូវជាក់លាក់ ១០០ភាគរយ ទៅនឹងតម្រូវការការងារជាក់ស្តែងនោះទេ។

នៅពេលដែលឧស្សាហកម្ម និងបច្ចេកវិទ្យាកំពុងតែអភិវឌ្ឍ ជំនាញក្នុងអាជីពការងារក៏តម្រូវឱ្យដុសខាត់ជាបន្តបន្ទាប់ផងដែរ។ ទំនោរនេះបានបង្ហាញយ៉ាងច្បាស់ពី សារៈសំខាន់នៃការធ្វើឱ្យខ្លួនឯងដើរឱ្យទាន់ការបម្រែបម្រួលចុងក្រោយបង្អស់ និងការសម្របខ្លួនទៅនឹងតម្រូវការការងារថ្មីដែលរីករាលដាលពាសពេញទីផ្សារអាស៊ី។

នេះមានន័យថា បើទោះជាយុវជនដែលទើបតែបញ្ចប់ពីសាកលវិទ្យាល័យ ឬកំពុងបន្តការសិក្សារបស់ខ្លួន តាមរយៈមធ្យោបាយណាមួយក៏ដោយ ការយកចិត្តទុកដាក់ទៅលើជំនាញដែលកំពុងរីកចម្រើនក្នុងបរិបទបច្ចេកវិទ្យា គឺជារឿងដ៏ចាំបាច់សម្រាប់ភាពជោគជ័យនៅក្នុងទីផ្សារការងារចម្រុះ និងពោរពេញដោយការប្រកួតប្រជែង។ ល្បឿននៃបម្រែប្រួលនេះ បង្កឡើងដោយ ភាពច្នៃប្រឌិតលក្ខណៈបច្ចេកវិទ្យា និងបម្លាស់ប្តូរតម្រូវការទីផ្សារការងារ ដែលនេះ វាបានរឭកយើងឱ្យយល់កាន់តែទូលំទូលាយអំពី អត្ថប្រយោជន៍នៃការរៀនសូត្រពេញមួយជីវិត និងបន្សាំខ្លួនទៅនឹងជំនាញ។

ដោយសារទំនោរទៅរកបច្ចេកវិទ្យាជាសកល ជាហេតុនាំឱ្យជំនាញជាច្រើនក៏មានការប្រាស្រ័យទាក់ទងគ្នាទៅរកបច្ចេកវិទ្យាផងដែរ។ ដូចដែលបានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងថ្មីៗនេះ គឺបច្ចេកវិទ្យា ក្លាយជាចំណុចស្នូល។ ខាងក្រោមនេះ​ជា​ចំណុច​សំខាន់ៗ​ ដែល​យុវជន​គួរតែ​ផ្តោត ដោយផ្អែក​លើ​អត្ថប្រយោជន៍​ពិសេសៗរបស់វា៖

1. អក្ខរកម្មឌីជីថល និងការវិភាគទិន្នន័យ (Digital Literacy and Data Analytics)

ទន្ទឹមនឹងវិសាលភាពនៃឌីជីថលគ្រប់តំបន់ និងវិស័យនានា ការយល់ដឹង និងការប្រើប្រាស់ទិន្នន័យពិតជាមានសារៈសំខាន់ណាស់។ លោកបណ្ឌិត Iain Brown ជាប្រធានផ្នែកវិទ្យាសាស្ត្រទិន្នន័យនៃ SAS Northern Europe និងជាសាស្រ្តាចារ្យជំនួយផ្នែកវិភាគទីផ្សារនៅសាកលវិទ្យាល័យ Southampton បានបញ្ជាក់ថា  អក្ខរកម្មទិន្នន័យ គឺជាសមត្ថភាពក្នុងការប្រើប្រាស់ និងយល់អំពីទិន្នន័យប្រកបដោយប្រសិទ្ធភាព ដែលជួយជំរុញឱ្យសង្គមមួយ អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ លើការងារផ្សេងៗដោយពឹងផ្អែកទៅលើទិន្នន័យ ព្រមទាំងភាពច្នៃប្រឌិត ឬនវានុវត្តន៍កាន់តែប្រសើរឡើង។ ការអភិវឌ្ឍសមត្ថភាពខ្លួនឯងទៅលើ ជំនាញឌីជីថល និងជំនាញវិភាគទិន្នន័យ គឺមានសារៈសំខាន់នៅក្នុងបរិបទបម្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។

2. បញ្ញាសិប្បនិម្មិត និងការបង្រៀនដល់ម៉ាស៊ីន ឬកុំព្យូទ័រ (Artificial Intelligence and Machine Learning)៖

AI ពាក់ព័ន្ធនឹងការធ្វើកិច្ចការរបស់ប្រព័ន្ធកុំព្យូទ័រ ហើយជាធម្មតា វាត្រូវការភាពវៃឆ្លាត ឬភាពប៉ិនប្រសប់របស់មនុស្ស ក្នុងការដោះស្រាយបញ្ហាផ្សេងៗរួមមាន៖ ការឱ្យកុំព្យូទ័រស្គាល់ភាសានិយាយរបស់មនុស្ស និងការដោះស្រាយបញ្ហាប្រចាំថ្ងៃនានាជាដើម។ ការបង្ហាត់បង្រៀនទៅដល់ម៉ាស៊ីន វាអនុញ្ញាតឱ្យកុំព្យូទ័ររៀនយល់ពីទិន្នន័យ ហើយធ្វើការសម្រេចចិត្តដោះស្រាយបញ្ហាណាមួយ ដោយមានជំនួយពីមនុស្សតិចតួចបំផុត។ បច្ចេកវិទ្យាទាំងនេះកំពុងបម្រើដល់វិស័យសំខាន់ៗដូចជា៖ ហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង ដើម្បីបង្កើនការសម្រេចចិត្តឱ្យមានប្រសិទ្ធភាព និងកែលម្អបទពិសោធន៍សេវាកម្មអតិថិជន។

3. និរន្តរភាព និងបច្ចេកវិទ្យាបៃតង (Sustainability and Green Technologies)៖

ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាបៃតង បាននិងកំពុងគ្របដណ្តប់ដោយបច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យ ដែលបច្ចេកទេសទាំងនេះបានផ្តល់សារៈសំខាន់ដល់ការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៃបរិបទនិរន្តរភាពជាសកល។ ចាប់តាំងពីឆ្នាំ 2015 មក តម្រូវការសកលទៅលើជំនាញបៃតងនេះ បានកើនឡើងរហូតដល់ 40% ក៏ប៉ុន្តែវានៅតែមានគម្លាតខ្វះខាតគួរឱ្យកត់សម្គាល់ទៅលើចំនួនអ្នកដែលមានឯកទេសផ្នែកនេះ។ ជាក់ស្តែង វាមានត្រឹមតែ 13% ប៉ុណ្ណោះ នៅក្នុងស្ថាប័នជាច្រើនដែលមានបុគ្គលិក មានជំនាញខាងលើ។ ដូច្នេះ សមត្ថភាពចេះប្រាកដលើជំនាញបៃតង និងបច្ចេកវិទ្យានេះ ពិតណាស់វាក្លាយជាតម្រូវការដ៏ចាំបាច់សម្រាប់ការងារនាពេលអនាគត ដើម្បីផ្តល់នូវផលជាវិជ្ជមាន និងជួយឱ្យភពផែនដីអភិវឌ្ឍទៅប្រកបដោយនិរន្តរភាព។

4. ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងទីផ្សារឌីជីថល (E-Commerce and Digital Marketing)៖

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ចូលរួមបង្កើននូវបទពិសោធន៍សេវាកម្មអតិថិជន ដោយប្រើប្រាស់នូវបច្ចេកវិទ្យា Augmented Reality (AR)/Virtual Reality (VR) ព្រមទាំងយុទ្ធសាស្រ្តដ៏ចម្រុះ ក្នុងការរួមចំណែកដល់ការរីកលូតលាស់ នៃវេទិកាពាណិជ្ជកម្មលើប្រព័ន្ធទូរសព្ទ និងពាណិជ្ជកម្មសង្គម។ វេទិកាទាំងនេះ បានជួយសម្រួលដល់ដំណើរការទិញ និងការលក់ផលិតផលជាលក្ខណៈអន្តរជាតិ តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងការបង្រៀនដល់ម៉ាស៊ីន ឬកុំព្យូទ័រ (AI និង ML) ជាដើម។ ភាពជោគជ័យក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនាយុគសម័យឌីជីថល មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងទីផ្សារឌីជីថល ដែលបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ក្នុងការទាក់ទងជាមួយនឹងអតិថិជន និងទស្សនិកជនតាមអ៊ីនធឺណិត។

5. បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្លុកឆេន (Fintech and Blockchain)៖

បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech ឬ Financial Technology) គឺជាពាក្យបច្ចេកទេសមួយស្ថិតនៅក្រោមឆ័ត្របច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យហិរញ្ញវត្ថុ។ គោលបំណងរបស់វា គឺចង់លើកកម្ពស់សេវាកម្មហិរញ្ញវត្ថុតាមរយៈស្វ័យប្រវត្តិកម្ម សុវត្ថិភាព និងភាពងាយស្រួល។ រីឯ បច្ចេកវិទ្យាប្លុកឆេន (Blockchain) បានរួមចំណែកដល់ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុមានសុវត្ថិភាព និងតម្លាភាពជាងមុន មានសមត្ថភាពពិនិត្យ និងតាមដានភ្លាមៗ បង្កើនប្រសិទ្ធភាព និងស្វ័យប្រវត្តិកម្ម។ យុគសម័យឌីជីថលនេះ តម្រូវឱ្យបុគ្គលិកគ្រប់រូបមានជំនាញប្រាកដ ច្បាស់លាស់ក្នុងវិស័យទាំងនេះ ព្រោះវាអាចជំរុញអាជីវកម្ម លើកកម្ពស់សេដ្ឋកិច្ចជាតិ និងវិស័យហិរញ្ញវត្ថុជាតិ ឱ្យកាន់តែប្រសើរឡើង។

6. ការថែទាំសុខភាពតាមលក្ខណៈបច្ចេកវិទ្យា និងបច្ចេកវិទ្យាជីវសាស្ត្រ (Healthcare and Biotechnology)៖

បច្ចេកវិទ្យាជីវសាស្រ្ត កំណត់និយមន័យយ៉ាងសាមញ្ញថាជា បច្ចេកវិទ្យាផ្អែកលើជីវវិទ្យា។ បច្ចេកទេសនេះ បានប្រើប្រាស់នូវដំណើរការតាមបែបជីវសាស្រ្ត កោសិកា និងម៉ូលេគុល ក្នុងការបង្កើតនូវបច្ចេកវិទ្យាថ្មី រួមទាំងផលិតផលថ្មីៗជាច្រើន ដែលអាចលើកកម្ពស់ជីវិតមនុស្ស និងបរិស្ថានពិភពលោក។ តថភាពជាក់ស្តែងរួមមាន៖ ភាពជឿនលឿននៃការថែទាំសុខភាព និរន្តរភាពនៃថាមពលឥន្ធនៈ និងការច្នៃប្រឌិតលើវិស័យអាហារ និងកសិកម្ម។ យើងម្នាក់ៗ បន្តធ្វើបច្ចុប្បន្នភាពលើសមត្ថភាពខ្លួនឯង ដើរឱ្យទាន់ទៅនឹងសន្ទុះនៃការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាជីវសាស្រ្ត បច្ចេកវិទ្យានៃការថែទាំសុខភាព និងឱសថ គឺជារឿងមួយដ៏សំខាន់ សម្រាប់ដំណើរកែលម្អការថែទាំសុខភាពជាសកល។

បន្ថែមពីលើជំនាញដែលបានរៀបរាប់ខាងលើ ជំនាញទន់ និងជំនាញប្រើប្រាស់ភាសាអន្តរជាតិក៏មានអត្ថប្រយោជន៍ខ្ពស់ផងដែរ។ ទាំងនោះរួមមាន៖ ទំនាក់ទំនងវប្បធម៌ចម្រុះ ការសម្របខ្លួន សមត្ថភាពដោះស្រាយបញ្ហា និងភាពជាអ្នកដឹកនាំ សុទ្ធសឹងជាជំនាញដែលមានឥទ្ធិពលនៅក្នុងបរិយាកាសដ៏សម្បូរបែបនេះ។ ពិសេសសម្តៅដល់ អាស៊ីតែម្តង ការរៀនសូត្រនូវភាសាអន្តរជាតិណាមួយបន្ថែម ជាទ្រព្យសម្បត្តិដ៏សំខាន់ដែលមិនគួរមើលរំលង។

សង្ខេបយ៉ាងខ្លី ទីផ្សារការងារក្នុងតំបន់អាស៊ាន គឺកំពុងតែផ្លាស់ប្តូរឥតដែនកំណត់ ដែលសង្កត់ធ្ងន់ទៅលើ បច្ចេកវិទ្យាថ្មីៗ និងបរិបទសេដ្ឋកិច្ចសកល។ ទាំងនិស្សិត ទាំងអ្នកជំនាញត្រូវតែបន្តរៀនជានិច្ច តាមរយៈការធ្វើបច្ចុប្បន្នភាព ឬដុសខាត់ជំនាញរបស់ខ្លួន។ ជាមួយគ្នានេះ ការស្វែងយល់អំពីភាពខុសប្លែកគ្នានៃវប្បធម៌ និងនិន្នាការទីផ្សារនៅអាស៊ី ក៏ជារឿងដែលយុវជនម្នាក់ៗត្រូវតែតាមដានផងដែរ។ ពិសេសមួយទៀត ការសម្របខ្លួនឯង ព្រមទាំងការប្តេជ្ញាចិត្តក្នុងការរៀនសូត្រពេញមួយជីវិត វាជាអាទិភាព ឬជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យនៅក្នុងទីផ្សារការងារដ៏សម្បូរបែប ដែលកំពុងមានល្បឿនយ៉ាងលឿនសឹងតាមពុំទាន់។ បរិបទពិភពលោកសព្វថ្ងៃនេះ ការបន្តរៀនសូត្រពិតជាមានតម្លៃណាស់។ យុវជនគួរតែផ្តោតលើការអប់រំពេញមួយជីវិត ឬការបន្តរៀនឥតឈប់ឈរ តាមរយៈវិធីផ្សេងៗជាច្រើន ដូចជា៖ វគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ប្រព័ន្ធផ្សព្វផ្សាយសង្គម ការចូលរួមសកម្មភាពស្ម័គ្រចិត្ត ការចុះកម្មសិក្សា និងការអាន ឬស្រាវជ្រាវឯកសារ ដែលពាក់ព័ន្ធទៅនឹងជំនាញទាំងនោះជាដើម៕