“Cambodia: Kingdom of Wonder” នឹងដាំជាប់លើឯកសណ្ឋានក្រុមបាល់ទាត់នៅលីគទី១ជប៉ុន (J1-League)
យោងទៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន Cambodian Embassy បានឱ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះថា៖ ក្រុមហ៊ុន Taica Corporation ដែលកំពុងតែធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងក្រុមបាល់ទាត់ Shimizu S-Pulse ដែលកំពុងចូលរួមប្រកួតប្រជែងនៅលីគទី១ជប៉ុន បានចុះអនុសារណៈយោគយល់គ្នា (MOU) លើការបោះពុម្ពអក្សរមួយឃ្លាថា “Cambodia: Kingdom of Wonder” នៅលើឯកសណ្ឋានបន្ថែមរបស់ក្រុមបាល់ទាត់ Shimizu S-Pulse។
ការដាក់ Logo “Cambodia: Kingdom of Wonder” នៅលើឯកសណ្ឋានបន្ថែមរបស់ក្រុមបាល់ទាត់ Shimizu S-Pulse គឺក្នុងន័យចូលរួមផ្សព្វផ្សាយ (regional promotion) អំពីប្រទេសកម្ពុជាយើង។ នេះបើតាមគេហទំព័រដដែលបានបញ្ជាក់បន្ថែម។
ក្រឡេកទៅមើល ប្រភពមួយទៀត ដែលជាស្ថាប័នសារព័ត៌មានប្រចាំប្រទេសជប៉ុន គឺ prtimes បានចុះផ្សាយនាថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅទាក់ទិននឹងការបង្ហាញសារគួរជាទីមោទកភាពសម្រាប់ប្រជាជនកម្ពុជាថា៖ ដោយសារប្រជាជនកម្ពុជាជាច្រើនមានចំណង់ចូលចិត្តខ្លាំងលើវិស័យបាល់ទាត់ ពួកយើងក៏បានសម្រេចចិត្តបង្កើតនិមិត្តសញ្ញា ឬឡូហ្គូជាមួយនឹងសារ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ” លើឯកសណ្ឋានបន្ថែមរបស់ក្រុមបាល់ទាត់ Shimizu S-Pulse ក្នុងគោលបំណងជំរុញឱ្យឧស្សាហកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាកាន់តែមានវឌ្ឍនភាពថែមមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានអញ្ជើញចូលរួមធ្វើជា សាក្សីក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Taica និងក្លិបបាល់ទាត់ Shimizu S-Pulse កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ផងដែរ៕