អាជ្ញាធម៌រកឃើញមេខ្លោងនៅពីក្រោយប្រតិបត្តិការជួញដូរមនុស្សយ៉ាងសកម្ម ដែលជាស្ត្រីវៀតណាម មានវ័យត្រឹម ២៥ឆ្នាំប៉ុណ្ណោះ


អាជ្ញាធរវៀតណាមក្នុងខេត្ត Gia Lai ភាគកណ្តាលនៃប្រទេសវៀតណាមបានកំណត់អត្តសញ្ញាណ នារីម្នាក់ឈ្មោះ Vu Thi Khanh Huyen អាយុ២៥ ឆ្នាំថាជាមេខ្លោងនៅពីក្រោយប្រតិបត្តិការជួញដូរមនុស្សដែលជាប់ពាក់ព័ន្ធជនរងគ្រោះចំនួន៥ នាក់ត្រូវបានរត់ពន្ធចូលប្រទេសឡាវ។

របាយការណ៍របស់ប៉ូលីសបានបញ្ជាក់ថា ចន្លោះខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ Huyen បានបោកបញ្ឆោតជនរងគ្រោះដែលមានអាយុពី២៣-២៦ ឆ្នាំ ដោយសន្យាថាពួកគេធ្វើការនៅប្រទេសមីយ៉ាន់ម៉ាជាមួយក្រុមហ៊ុនគ្រឿងសំអាងដែលនាងអះអាងថាជាម្ចាស់ និងប្រតិបត្តិការ។

Huyen បានជួយជនរងគ្រោះក្នុងការទទួលបានលិខិតឆ្លងដែនរបស់ពួកគេ និងបានទិញសំបុត្រទៅទីក្រុងយ៉ាំងហ្គោនក្នុងឆ្នាំ២០២៣ ប៉ុន្តែនៅពេលមកដល់ប្រទេសមីយ៉ាន់ម៉ា Huyen បានចាប់យកលិខិតឆ្លងដែនរបស់ជនរងគ្រោះ ហើយបានជួញដូរពួកគេទៅប្រទេសឡាវតាមរថយន្ត។

នៅពេលទៅដល់ប្រទេសឡាវ ជនរងគ្រោះត្រូវបានលក់ទៅឱ្យក្រុមហ៊ុនបោកប្រាស់ខុសច្បាប់ ដែលពួកគេបានចាក់សោរ និងបង្ខំឱ្យជនរងគ្រោះចូលរួមក្នុងសកម្មភាពដូចជា ល្បែងអនឡាញជាដើម។ ដូចជនរងគ្រោះដទៃទៀតដែរ អ្នកទាំងប្រាំនាក់ត្រូវទទួលរងនូវការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជាច្រើន រួមទាំងការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់ពួកគេ និងការរំលោភបំពានលើរាងកាយ។

ដើម្បីទទួលបានការដោះលែង ជនរងគ្រោះត្រូវបង់ថ្លៃលោះចំនួន២១០ លានដុង (៨,៥៥០ដុល្លារអាមេរិក)។ ក្រោយពីទូទាត់ប្រាក់រួចជនរងគ្រោះអាចត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ។

ក្រោយពេលរកឃើញថា Huyen ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះនាងបានរត់គេចខ្លួនពីប្រទេស ខណៈដីកាចាប់ខ្លួននាងត្រូវបានចេញផ្សាយយ៉ាងទូលំទូលាយ។

ការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍កំពុងលេចឡើងជាការគំរាមកំហែងដ៏ធំបំផុតមួយចំពោះសុវត្ថិភាពនៅក្នុងតំបន់ ជាមួយនឹងបណ្តាញឧក្រិដ្ឋកម្មដែលបានរៀបចំបានកេងប្រវ័ញ្ចបុគ្គលដែលងាយរងគ្រោះសម្រាប់សកម្មភាពខុសច្បាប់ ហើយមនុស្សរាប់រយពាន់នាក់កំពុងក្លាយជាជនរងគ្រោះនៃប្រតិបត្តិការដ៏អាក្រក់ទាំងនេះ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពនៅក្នុងតំបន់។

ប្រភព៖ VN Express