|

Microsoft គ្រោងដាក់ឱ្យប្រេីប្រាស់នូវមុខងារថ្មី នៅខែក្រោយនេះ


នៅខែមីនាខាងមុខនេះ ក្រុមហ៊ុន Microsoft គ្រោងនឹងបន្ថែម Tool ថ្មីមួយ ដើម្បីជួយសម្រួលឱ្យការសរសេរអត្ថបទនៅក្នុង Microsoft office word កាន់តែរហ័សជាងមុន ដោយប្រើប្រាស់បច្ចេកទេសព្យាករណ៍អត្ថបទ ឬជាភាសាអង់គ្លេសថា Text Predication។

តាមពិតទៅមិនថ្មីពេកទេ សម្រាប់ប្រិយមិត្តដែលតែងតែនិយមប្រើប្រាស់មុខងារស្រដៀងគ្នានេះ នៅលើ Google Docs របស់ក្រុមហ៊ុន Google។

Ms Word នឹងបង្ហាញពីមុខងារវ័យឆ្លាតនេះជាមួយនឹងដំណើរការដូចតទៅ៖ ឧទាហរណ៍ថានៅពេលដែលអ្នកប្រើប្រាស់កំពុងតែសរសេរអត្ថបទ ហើយកំពុងតែ Type នូវពាក្យមួយដែលមិនទាន់ពេញលេញ។ ពេលនោះមុខងារឆ្លាតវៃមួយនេះ វានឹងធ្វើការ Highlighted ពណ៌ប្រផេះទៅលើ Text ដែលអ្នកប្រើប្រាស់កំពុងតែសរសេរ ដោយវានឹងបង្ហាញជម្រើស ឬសំណូមពរនៃពាក្យដែលប្រហាក់ប្រហែល។

បើសិនជាអ្នកប្រើប្រាស់សម្លឹងមើលឃើញពីពាក្យដែលខ្លួនចង់បានតាមរយៈការបង្ហាញនូវ Option ទាំងនោះកាលណាហើយ ពួកគេអាចធ្វើការទទួលយក ដោយគ្រាន់តែចុចទៅលើ Key Tab នៅលើ Keyboard ឬករណីអ្នកចង់បដិសេធនូវសំណូមពរនោះ អ្នកគ្រាន់តែចុចនៅលើ Key Esc ជាការស្រេច។

យ៉ាងណាក៏ដោយ បច្ចេកទេសនៃការព្យាករណ៍អត្ថបទនេះ អ្នកប្រើប្រាស់ខ្លួនឯងក៏អាចធ្វើការបិទលែងឱ្យវាដំណើរការទាំងស្រុងក៏បានដែរ។

ជាមួយគ្នានេះដែរ Microsoft ក៏បានចាប់ផ្តើមដាក់ឱ្យដំណើរការរួចហើយដែរក្នុងខែនេះនូវមុខងារ Text Prediction នេះ សម្រាប់កម្មវិធី Outlook នៅលើប្រព័ន្ធប្រតិបត្តិការ (OS) Windows ដោយវាអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារ emails បានលឿនជាងមុន៕

រូបភាព៖ pcMag