តៃវ៉ាន់ឆ្លើតតបធ្ងន់ៗ ក្រោយមេដឹកនាំចិន បាននិយាយថា “ការបង្រួបបង្រួមគ្នារវាងចិន និងតៃវ៉ាន់” គឺជារឿងដែលជៀសមិនរួច


ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានសង្កត់ធ្ងន់ថា អនាគតរបស់កោះដែលខ្លួនកំពុងគ្រប់គ្រង និងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំងត្រូវតែសម្រេចដោយប្រជាជនរបស់ខ្លួន បន្ទាប់ពីមេដឹកនាំចិន Xi Jinping បាននិយាយថា “ការបង្រួបបង្រួមគ្នារវាងចិន និងតៃវ៉ាន់” គឺជារឿងដែលជៀសមិនរួច។

ប៉េកាំង បានអះអាងថាតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួនហើយមិនបានបោះបង់គោលដៅក្នុងការប្រើប្រាស់កម្លាំងដើម្បីសម្រេចគោលដៅរបស់ខ្លួននោះទេ។

សម្ពាធផ្នែកនយោបាយ និងយោធានៅលើកោះនេះ ត្រូវបានកើនឡើងចាប់តាំងពីលោកស្រី Tsai ត្រូវបានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ២០១៦ ហើយបានបង្កើនយុទ្ធនាការរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតី និងសភាបន្ទាប់នៅថ្ងៃទី១៣ ខែមករា។

ដោយឡែក នៅក្នុងសុន្ទរកថានៅថ្ងៃចូលឆ្នាំសកល លោក Xi បានបញ្ចេញប្រតិកម្មខ្លាំងជាងធម្មតានៅលើកោះនេះ ដោយបានសន្យាដល់ប្រជាជាតិថា ប្រទេសចិននឹង “ពិតជាត្រូវបានបង្រួបបង្រួមឡើងវិញ” ។

នៅពេលសួរអំពីរឿងនេះលោកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថាកោះនេះមានអធិបតេយ្យ ហើយប្រជាជនរបស់ខ្លួនជាអ្នកសម្រេចចិត្តអំពីអនាគតរបស់ពួកគេ។ លោកស្រីបានបញ្ជាក់ថា “នេះគឺជាការយកឆន្ទៈរួមរបស់ប្រជាជនតៃវ៉ាន់ក្នុងការសម្រេចចិត្ត។យ៉ាងណាមិញ លោកស្រីបានអំពាវនាវឱ្យទីក្រុងប៉េកាំងគោរពលទ្ធផលនៃការបោះឆ្នោត ហើយសង្កត់ធ្ងន់ថាវាជាទំនួលខុសត្រូវរបស់ភាគីទាំងពីរក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រដែលបំបែកពីគ្នានេះ។

ដោយឡែក នាពេលថ្មីៗនេះ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន៤ គ្រឿង និងនាវាកងទ័ពជើងទឹកចិនចំនួន៤ គ្រឿងនៅជិតកោះនេះ។ យន្តហោះមួយក្នុងចំណោមយន្តហោះបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន (ADIZ) នៅភាគនិរតី។

គួរបញ្ជាក់ថា បន្ទាប់ពីជាប់ឆ្នោតឡើងវិញក្នុងឆ្នាំ២០២០ លោកស្រី Tsai បានពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់តៃវ៉ាន់ និងបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មយោធារបស់កោះនេះ។

«ផ្ទះរបស់អ្នករាល់គ្នាមានសោរជាប់ខ្លួនដែលមិនមែនដើម្បីបង្ករឿងដល់អ្នកជិតខាងដែលនៅជិតផ្ទះនោះទេប៉ុន្តែធ្វើឱ្យខ្លួនអ្នកមានសុវត្ថិភាពជាង។ ចំពោះ ទ្វារ ប្រទេសក៏ដូចគ្នា ប្រជាជនតៃវ៉ាន់ចង់បានសន្តិភាព ប៉ុន្តែយើងចង់បានសន្តិភាពដោយការគោរព”។ នេះបើតាមការបញ្ជាក់របស់លោកស្រី Tsai មុនពេលចុះចេញពីតំណែងនៅខែឧសភាខាងមុខនេះ។

ប្រភព៖ Aljazeera